រថភ្លើង​លឿន​បំផុត​លើ​លោក​ចាប់ផ្តើម​តេស្ត​ល្បឿន​នៅ​ជប៉ុន​

1464
ចែករម្លែក

​ជប៉ុន​កំពុង​ជំរុញ​ទៅមុខ​ហួស​ដែន​កំណត់​នៃ​ការធ្វើដំណើរ​តាមផ្លូវ​ដែក ខណៈដែល​ប្រទេស​នេះ​ចាប់ផ្តើម​សាកល្បង​រថភ្លើង​ល្បឿន​លឿន​បំផុត​មិន​ធ្លាប់មាន​ពីមុនមក ដែលមាន​ល្បឿន​រហូតដល់ ៤០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​រថភ្លើង​ឈ្មោះ Alpha-X គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ ២០៣០​។ ក្រុមហ៊ុន​រថភ្លើង JR East គ្រោង​នឹង​ដំណើរការ​វា​ក្នុង​ល្បឿន ៣៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ នោះ​នឹង​ធ្វើឱ្យ​វា​មាន​ល្បឿន ១០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​លឿន​ជាង​រថភ្លើង Fuxing Hao របស់​ចិន ដែល​ភ្ជាប់​ទីក្រុង​ប៉េកាំង​និង​ទីក្រុង​សៀង​ហៃ ហើយ​មាន​ល្បឿន​កំពូល​ដូចគ្នា​។​

​ដើម្បី​ទប់ទល់​នឹង​សម្ពាធ​ខ្យល់​ដ៏​ធំ​នៅពេល​ចូលទៅ​ផ្លូវ​រូង​ក្រោម​ដី ទូ​ដំបូង​របស់​រថភ្លើង Alpha-X នឹងមាន​ច្រមុះ​វែង​រលោង​ប្រវែង​ដល់​ទៅ ២២ ម៉ែត្រ​។ ជាមួយ​បង្អួច​មាន​ត្រឹមតែ​បី វា​មើលទៅ​ហាក់ដូចជា​ពុំ​មិនមាន​ចន្លោះ​ទំនេរ​ទេ ប្រសិនបើ​អ្នកដំណើរ​ទាំងអស់​សម្រុក​មក​អង្គុយ​នៅខាងមុខ​។ ដោយ​លាប​ពណ៌​ទឹកប្រាក់​ជាមួយ​ឆ្នូត​ពណ៌​បៃតង រថភ្លើង​ដែលមាន​ទូ​សរុប​ចំនួន ១០ នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​សាកល្បង​នៅ​ថ្ងៃ​សុក្រ​ទី ១០ ឧសភា​រវាង​ទីក្រុង​អៅ​ម៉ូ​រី និង​ទីក្រុង​សេន​ដាយ​នៅពេល​យប់​។​

​រថភ្លើង​លឿន​របស់​ជប៉ុន ដែល​បាន​បង្ហាញខ្លួន​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​ដូចគ្នា​ទៅនឹង​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ១៩៦៤ បាន​ក្លាយជា​និមិត្តរូប​នៃ​ការផ្តោត​អារម្មណ៍​របស់​ប្រទេស​នេះ​ទៅលើ​ប្រសិទ្ធភាព​និង​ភាពជឿជាក់​។ រថភ្លើង​លឿន​កម្រ​នឹងមាន​ភាពយឺតយ៉ាវ​ណាស់ ទោះបីជា​ពួកវា​ចាក​ចេញពី​ស្ថានីយ​រថភ្លើង​តូ​ក្យូ​រាល់​ពីរ​បី​នាទី​ម្តង​ទៅកាន់​ទីក្រុង​អូ​សា​កា ទីក្រុង​ក្យូ​តូ​និង​ទិសដៅ​ផ្សេងទៀត​នៅ​ទូទាំងប្រទេស​ក៏ដោយ ជាហេតុ​ធ្វើឱ្យ​ពួកវា​ក្លាយជា​ជម្រើស​សម្រាប់​ការធ្វើដំណើរ​ល្អ​ជាង​តាម​ផ្លូវអាកាស​។ រថភ្លើង Alpha-X គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផែន​ការផ្តល់សេវា​លឿន​ជាង​មុន​ដល់ទី​ក្រុង​សាប​ផូ​រ៉ូ ដែលជា​ទីក្រុង​ធំ​បំផុត​នៅ​កោះ​ហុក​កៃ​ដូ​៕ ដោយ៖ កញ្ញាដាលីស

រថភ្លើង Alpha-X នឹង​តេស្ត​ល្បឿន​នៅ​យប់​ថ្ងៃ​សុក្រ​នេះ
#