រថភ្លើង​ល្បឿន​លឿន​ពី​ហុងកុង​ទៅ​ចិន សម្ពោធ​ដាក់​ដំណើរ​កាល​នៅ​ថ្ងៃអាទិត្យ​នេះ​

841
ចែករម្លែក

រថភ្លើងល្បឿនលឿនរបស់ហុងកុងបានចាប់ផ្តើមដំណើរការយ៉ាងរលូននិងក្រោមបរិយាកាសអ៊ូអរកាលពីថ្ងៃអាទិត្យទី២៣កញ្ញា នៅពេលអ្នកដំណើររាប់រយនាក់ត្រូវបាននាំកាត់ព្រំដែនទៅកាន់ខាងជើងក្នុងល្បឿន២០០​គីឡូម៉ែត្រក្នុងមួយម៉ោង ដែលនេះជាសញ្ញានៃការធ្វើសមាហរណកម្មជ្រៅឡើងនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុនេះជាមួយចិនដីគោក។

នៅពេលគំរោងផ្លូវដែកតំលៃ១១ពាន់លានដុល្លារនេះបានបង្កការព្រួយបារម្ភអំពីការទន្រ្ទានរបស់រដ្ឋាភិបាលក្រុង​ប៉េកាំងលើសេរីភាពរបស់ទីក្រុងនេះ ពួកអ្នកដំណើរនៅស្ថានីយពោរពេញដោយការអបរអរនិងពេញចិត្តចំពោះសេវាមួយដែលនាំពួកគេទៅចិនដីគោកតែក្នុងរយៈពេលមិនដល់២០នាទីផង។

ពួកមន្រ្តីអន្តោប្រវេសន៍ចិនដីគោក ត្រូវបានដាក់នៅស្ថានីយទំនើប និងក្រោយច្បាប់ចិននេះ ជាទង្វើមិនធ្លាប់មានពីមុនមកដែលអ្នករិះគន់ខ្លះនិយាយថា វាកាន់តែធ្វើអោយសឹករិលស្វ័យភាពរបស់ទីក្រុងនេះ។

គំរោងនេះជាផ្នែកនៃកិច្ចខិតខំធំឡើងមួយរបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីធ្វើអោយទីក្រុងនេះរលាយចូលក្នុងតំបន់ដីសណ្តទន្លេគុជ រួមមានទីក្រុងចិនចំនួន៩ ដែលគេហៅថា មហាតំបន់ឆកសមុទ្រ។

អ្នកដំណើរដំបូងបង្ហាញទឹកមុខរីករាយក្នុងពេលរថភ្លើងចាកចេញពីហុងកុងកាលពីថ្ងៃ២៣កញ្ញាទៅកាន់ក្រុងសិនចិន

រដ្ឋាភិបាលក្រុងប៉េកាំងចង់អោយតំបន់មហាឆកសមុទ្រ ដែលមានប្រជាជន៦៨លាននាក់ ជាមួយផលិតផលក្នុងស្រុកសរុប១,៥លានលានដុល្លារ បង្កើនសមាហរណកម្មសេដ្ឋកិច្ចនិងរំលាយប្រជាជន ទំនិញនិងវិស័យផ្សេងៗបញ្ចូលគ្នានៅទូទាំងតំបន់។តែពួកអ្នករិះគន់ និយាយថាផ្លូវដែកនេះ ជានិម្មិត្តរូបមួយនៃការបន្តធ្វើសមាហរណកម្មរបស់ចិន​លើទឹកដីហុងកុងដែលអង់គ្លេសបានប្រគល់អោយចិនគ្រប់គ្រងវិញនៅឆ្នាំ១៩៩៧ ជាមួយនឹងការធានាស្វ័យភាពនិងសេរីភាព ដែលមិនមាននៅចិនដីគោក រួមទាំងប្រព័ន្ធច្បាប់ឯករាជ្យមួយ។

រថភ្លើងល្បឿនលឿនថ្មីទៅកាន់ចិនខាងត្បូងនេះ ធានាថាលឿនជាងរថភ្លើងកាត់ព្រំដែនដែលមានស្រាប់ និងសេ​វា​ផ្លូវឆ្ងាយរបស់វានឹងកាត់បន្ថយពេលធ្វើដំណើរច្រើន ដូចជាទៅកាន់ក្រុងប៉េកាំងកាលពីមុនចំណាយ២៤ម៉ោង ឥឡូវកាត់បន្ថមកនៅត្រឹម៩ម៉ោងប៉ុណ្ណោះ៕ដោយ៖វាសនា