រថភ្លើង​អគ្គិសនី​ផលិត​ពី​ជាតិ​កាបូន​ហ្វា​យ​បឺ​ជំនាន់​ថ្មី​ដាក់​បង្ហាញ​ដល់​សាធារណជន​នៅ​ភាគ​ឦសាន​ប្រទេស​ចិន​

1647

​រថភ្លើង​ផលិត​ពី​សារធាតុ​កាបូន​ហ្វា​យ​បឺ​ជំនាន់​ថ្មី​មួយ​ត្រូវ​បានដាក់​បង្ហាញ​ជា​សាធារណៈ​នៅឯ​ពិព័រណ៍​ផ្លូវដែក​ចិន​លើក​ទី​៤ កាលពី​ថ្ងៃ​សុក្រ​ទី​៧​កញ្ញា​នៅក្នុង​ទីក្រុង​ឆាង​ជុន ខេត្ត​ជី​លីន ភាគ​ឦសាន​ប្រទេស​ចិន​។​

​ដោយមាន​ឈ្មោះថា “Optics Valley Quantum” រថភ្លើង​ដឹក​អ្នកដំណើរ ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន CRRC Changchun Railway Vehicles គឺជា​រថភ្លើង​ទំនើប​ផលិតឡើង​ដោយ​ខ្លួនឯង​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​ចិន​។ ការ​សាក​ភ្លើង​រយៈពេល​២​នាទី​អនុញ្ញាតឱ្យ​រថភ្លើង​អគ្គិសនី​នេះ​រត់​បាន​ចម្ងាយ ១០ គីឡូម៉ែត្រ​។​

​រថភ្លើង​នេះ​អាច​ផ្ទុក​អ្នកដំណើរ​រហូតដល់ ៣៦៨ នាក់ ដែលមាន​ល្បឿន ៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​តួ​របស់​រថភ្លើង​អគ្គិសនី​នេះ​គឺ​ផលិត​ចេញពី​កាបូន​ហ្វា​យ​បឺ ដែលជា​ដំណោះស្រាយ​មួយ​ដើម្បី​កាត់បន្ថយ​ទម្ងន់​របស់​វា​ប្រហែល ៣០ ភាគរយ​ធៀប​ទៅនឹង​រថភ្លើង​ផលិត​ពី​ដែក​អ៊ី​ណុ​ក​។ ការបន្ថយ​ទម្ងន់​តួ​រថភ្លើង​មានន័យថា ការប្រើប្រាស់​ថាមពល​គឺ​តិច និង ជួយ​ការពារ​បរិស្ថាន​រឹតតែ​ខ្លាំង​ថែមទៀត​។​

​កាលពី​ខែមករា រថភ្លើង​អគ្គិសនី ២ គ្រឿង និង ផ្លូវដែក​ចំនួន ៦ ខ្សែ បាន​បើក​ប្រតិបត្តិ​ការសាកល្បង​ដល់​សាធារណជន​ក្នុង​ទីក្រុង​វូ​ហាន ខេត្ត​ហឺ​ប៉ី​៕ ដោយ៖ កញ្ញាដាលីស

រថភ្លើង​អគ្គិសនី Optics Valley Quantum បាន​ទៅដល់​ទីក្រុង​ឆាង​ជុន