រថភ្លើង បាត់ដំបង​-​ពោធិសាត់ ចាប់​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែឧសភា​នេះ​

3094
ចែករម្លែក
  • 47
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ដូច​អ្វីដែល​បានគ្រោង​ទុក​កាលពីព្រឹកថ្ងៃទី២៩ខែឧសភានេះលោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អញ្ជើញ​ជា​អធិបតីភាព នៅក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន គម្រោង​ផ្លូវ​រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ស្ថានីយ​បាត់ដំបង​-​ពោធិ៍សាត់ និង​ពី​ស្ថានីយ​ពោធិ៍សាត់​-​បាត់ដំបង​។ ពិធី​បាន​ប្រារព្វ នៅ​ស្ថានីយ​រថភ្លើង​បាត់ដំបង​។​

រថភ្លើង បាត់ដំបង​-​ពោធិសាត់ ចាប់​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែឧសភា​នេះ​(រូបក្រសួងសាធារណការ)

​ក្រសួង​សាធារណការ​បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែឧសភា​នេះ​ថា​ការដាក់ឱ្យ​ដំណើរការ​នូវ​កំណាត់​ផ្លូវដែក​នេះ បាន​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​កសិផល​របស់​ប្រជាកសិករ​ទៅកាន់​ទីផ្សារ​គោលដៅ​និង​ទាក់ទាញ​ការ​វិនិយោគ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​និង​ជា​ច្រក​យុទ្ធសាស្ត្រ​យ៉ាង​សំខាន់​ត​ភ្ជាប់​ផ្លូវដែក​កម្ពុជា​ទៅកាន់​ផ្លូវដែក​ក្នុង​តំបន់​អាស៊ាន​។​ជា​ផ្លូវ​របៀង​សេដ្ឋកិច្ច​ប្រកបដោយ​សក្ដានុពល​និង​ជួយ​សម្រួល​ដល់​លំហូរ​នៃ​ការធ្វើ​ពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភា​រកម្ម និង​វិនិយោគិន​។ លើសពីនេះទៅទៀត កំណាត់​​​ផ្លូវដែក​មួយ​ខ្សែ​នេះ បាន​ជួយ​សម្រួល​ដល់​ការកាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​គ្រោះថ្នាក់​ចរាចរ​ការខូច​ខាត​ផ្លូវ​និង​ការបំពុល​បរិស្ថាន​ផងដែរ​។​

​ថ្លែង​នៅក្នុង​ពិធី​នេះ​លោក​ទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល​បានបញ្ជាក់​ថា ដោយសារ​ប្រទេស​មាន​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​ពេញលេញ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើឱ្យ​កំណាត់​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​នេះ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​ជាថ្មី​ម្តងទៀត​បន្ទាប់ពី​ការ​កាត់ផ្តាច់​ដោយ​សង្គ្រាម​អស់​រយៈពេល​៤៥​ឆ្នាំ​ហើយ​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​ពី​ភ្នំពេញ​-​ប៉ោយប៉ែត ប្រវែង​៣៨៦​គ​.​ម នៅ​ដើមខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​ពី​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​លោក​ទេសរដ្ឋមន្ត្រី​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​និង​ប្រជាពលរដ្ឋ​ដែល​មាន​​ភូមិស្ថាន​នៅ​អម​សងខាង​ផ្លូវ​រថភ្លើង​នេះ បន្ត​សហការ​ដើម្បីឱ្យ​គម្រោង​នេះ​អាច​សម្រេចបាន​ជោគជ័យ​ជា​ស្ថាពរ និង​ជួយ​ថែរក្សា​សម្បត្តិ​ដ៏​មហាសាល​នេះ​ឱ្យបាន​គង់វង្ស​យូរអង្វែង​ព្រមទាំង​ប្រុងប្រយ័ត្ន​ចំពោះ​កូនចៅ​ក៏ដូចជា​សត្វពាហនៈ ដែល​ឆ្លងកាត់​លើផ្លូវ​ដែក ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ​។​

​​គួរ​បញ្ជាក់ថា​ផ្លូវ​រថភ្លើង​ពី​ស្ថានីយ​បាត់ដំបង​-​ពោធិ៍សាត់ មាន​ប្រវែង​សរុប ១០៧ គីឡូម៉ែត្រ ។​ក្នុងនោះ​ប្រវែង ៧៥ គីឡូម៉ែត្រ ស្ថិតក្នុង​ខេត្តបាត់ដំបង និង ប្រវែង ៣២ គីឡូម៉ែត្រ ស្ថិតក្នុង​ខេត្តពោធិ៍សាត់​។ ទូរថភ្លើង​ដែល​ដាក់​ឲ្យ​ដំណើរការ​នេះ​មាន​បំពាក់​ម៉ាស៊ីនត្រជាក់​។ ជិះ​ឥតគិតថ្លៃ រហូតដល់​ថ្ងៃទី​១ សីហា​។​
​ខណៈ​នេះ​រថភ្លើង​មាន​ខ្សែ​រត់​ពី ពោធិសាត់​-​បាត់ដំបង​-​សិរីសោភ័ណ​-​ប៉ោយប៉ែត​(​បន្ទាយមានជ័យ​)

​ផ្លូវ​រថភ្លើង​ពី​បាត់ដំបង​-​ពោធិ៍សាត់​មាន​ស្ថានីយ​ដែល​ត្រូវ​ឆ្លងកាត់​មាន ១៦ ស្ថានីយ ដូចជា បាត់ដំបង អូរ​ដំបង អូរ​ស្រឡៅ រាំង​កេ​សី ស្វាយ​ជាតិ ភ្នំ​ធិបតី គោក​ត្រុំ កោះ​ចារ មោង​ឬ​ស្សី ព្រៃ​ស្វាយ កា​ឡោម​ពុក ស្វាយដូនកែវ បឹង​ខ្នារ ត្រពាំង​ជង ស្នាម​ព្រះ និង​ពោធិ៍សាត់​។ ក្នុងនោះ​ខេត្តបាត់ដំបង មាន ១១​ស្ថានីយ និង​ខេត្តពោធិ៍សាត់ មាន ៥​ស្ថានីយ​៕ មន​

រថភ្លើង បាត់ដំបង​-​ពោធិសាត់ ចាប់​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែឧសភា​នេះ​