រថភ្លើង ពី​ស្ថានីយ​ទៅកាន់​ព្រលានយន្តហោះ ដឹក​អ្នកដំណើរ​បាន​ជាង​១​ម៉ឺន​នាក់​ក្នុង​រយៈពេល​៩​ថ្ងៃមកនេះ​

392

​ដោយ : សុផល​/ ភ្នំពេញ ៖ យោងតាម​ប្រភព​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​២០ ខែ មេសា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា ការដឹកជញ្ជូន​អ្នកដំណើរ​តាម​រថភ្លើង​ពី​ស្ថានីយ​ភ្នំពេញ​-​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ចំនួន​១៣៦៨១​នាក់​ចាប់ពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨​។​

​គួរ​ជម្រាប​ថា រថភ្លើង​ដឹក​អ្នកដំណើរ ភ្នំពេញ​-​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​ត្រូវ​បើក​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ ក្រោម​វត្តមាន​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group ។​
​សម្រាប់​ការដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវដែក​ជា​បណ្តោះអាសន្ន​នេះ ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាម​រថភ្លើង​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃទី​១០​ខែមេសា រហូតដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​។ ជាពិសេស​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ដែល​ត្រូវ​ធ្វើដំណើរ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​មិន​ស្ទះចរាចរណ៍ ចំណេញ​ពេលវេលា កាត់បន្ថយ​ការចំណាយ និង​សុវត្ថិភាព​។​

​រថភ្លើង​ដឹក​អ្នកដំណើរ​នេះ ចំណាយពេល​ប្រមាណ​៣០​នាទី​ក្នុងការ​ដឹកជញ្ជូន​អ្នកដំណើរ​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ រថភ្លើង​សាកល្បង​នេះ អាច​ផ្ទុក​អ្នកដំណើរ​រួមទាំង​អ្នក​អង្គុយ​និង​អ្នក​ឈរ ប្រមាណ​១០០​នាក់​ផងដែរ​។ នៅក្នុង​រថភ្លើង​មាន​បំពាក់​ម៉ាស៊ីនត្រជាក់​។ ប្រជាពលរដ្ឋ​ដែល​រស់នៅ ក្បែរ​ព្រលានយន្តហោះ ហើយ​ចង់​ឡើងមក​កណ្ដាល​រាជធានី​ភ្នំពេញ ក៏​អាច​ប្រើប្រាស់​រថភ្លើង​នេះ​បានដែរ​។​
​ផ្លូវដែក​នេះ​បំបែក​ពី​ផ្លូវ​ចាស់ (​ដែល​ចេញពី​ស្ថានីយ៍​រថភ្លើង​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ​) ចូលទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាត់​តាម​មហា​វិធី​សហភាពសូវៀត​។ កំណាត់​ថ្មី​នេះ​មាន​ប្រវែង​ជិត​១០​គីឡូម៉ែត្រ​( ១,៩១៣​ម៉ែត្រ​)​។ រថភ្លើង​សាកល្បង​នេះ មាន​ចំនួន​២​គ្រឿង​តែ រថភ្លើង​ទំនើប​៣​គ្រឿង​ទៀត​ដែល​ទិញ​ពី​ប្រទេស​មិ​ក​ស៊ី​កូ នឹង​មកដល់​ស្រុក​ខ្មែរ​នៅ​ខែមិថុនា​។​

​ការដាក់​ឲ្យ​ដំណើរ​ផ្លូវដែក​ថ្មី​ចូល​ព្រលានយន្តហោះ ជាមួយនឹង​ការដឹកជញ្ជូន​ថ្មី​តាម​ផ្លូវដែក​ក្នុង​រាជធានី​ភ្នំពេញ​នេះ នឹង​ជួយ​សម្រួល​ដល់​អ្នកដំណើ​រ​ទៅ​ព្រលានយន្តហោះ មិនមាន​ការព្រួយបារម្ភ​ពី​បញ្ហា​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ​ព្រមទាំង​ចំណេញ​ពេលវេលា​ទៀត​៕B

​រថភ្លើង​ដឹក​អ្នកដំណើរ ភ្នំពេញ​-​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ ទទួលបាន​អ្នក​ដម​ណើ​រ​ជាង​១​ម៉ឺន​៣​ពាន់​នាក់​ក្នុង​រយៈពេល​៩​ថ្ងៃ ​(​រូប៖សុផល​)