រថយន្ដបុក​ម៉ូតូ​ពីក្រោយ បុរស​ម្នាក់​ហោះ​ផ្លោង​ទៅលើ​ចិញ្ចើមថ្នល់​រងរបួស​ធ្ងន់​

870
ចែករម្លែក

(​ភ្នំពេញ​) ៖ រថយន្ដ​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន ទៅបុក​ម៉ូតូ​១​គ្រឿង ក្នុងទិសដៅ​ស្របគ្នា​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ហោះ​ផ្លោង​ទៅលើ​ចិញ្ចើមថ្នល់​របួសធ្ងន់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង ២២ និង ៥០​នាទី យប់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ កែង​និង​ផ្លូវ​លេខ​១៥៤ ត្រង់ចំណុច​ផ្លូវបែក​ជា​បួន ម្តុំ​ផ្សារ​ទំនើប​សូរិយា ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ឃ្លី​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AQ-1927 ជិះ​តែម្នាក់ឯង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈពេល​ធ្វើដំណើរ​មក​ដល់​កន្លែងកើតហេតុ​ខាងលើ ត្រង់ចំណុច​ផ្លូវបែក​ជា​បួន កែង​និង​ផ្លូវ​លេខ​១៥៤ ស្រាប់​តែមាន​រថយន្ត កូរ៉ូឡា ១​គ្រឿង ពណ៍​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ បើកបរ​យ៉ាង​លឿន​មកពី​ក្រោយ បាន​បើក​ទៅបុក​ក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ហោះ​ផ្លោង​ទៅលើ​ចិញ្ចើមផ្លូវ រងរបួស​ធ្ងន់ធ្ងរ ត្រូវ​រថយន្ត​សា​ម៉ុ​យ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ និង​ម៉ូតូ​រង​ការខូចខាត​បន្តិចបន្តួច ចំណែក​រថយន្ត​បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ខណ្ឌដូនពេញ បាន​ចុះមក​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​បុរសរងគ្រោះ​ទៅ​រក្សាទុក រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ត្រលប់​ទៅវិញ​៕L ដោយ​៖ លីន​ណា​