រថយន្ដ​ដឹក​ទឹកកក​បុក​ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​ស្ដ្រី​ម្នាក់​

1011
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​ក​ន្លៃ​ង​កើតហេតុ​ដោយ​រថយន្ត​ដឹក​ទឹកកក​អនាម័យ​បុក​មួយ​ទំហឹង កាលពី​ម៉ោង​៦​ព្រឹក ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០១៨ លើផ្លូវ​ក្រាល​គ្រួស​ក្រហម ត្រង់ចំណុច​ក្រុមទី​៧ ភូមិ​អូរ​ពងមាន់ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ត្រី ប៉ាល់ ពៅ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​បាណន់ បានឱ្យដឹងថា សព​ជនរងគ្រោះ​មានឈ្មោះ អោក សុខ​ណា​ង ភេទ​ស្រី​អាយុ​៣១​ឆ្នាំ នៅ​ក្រុមទី​៥ ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង បើកបរ​គ្មាន​មួកសុវត្ថិភាព​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់​គេចខ្លួនបាត់​។​

​សាក្សី​បាន​ប្រាប់​ឱ្យដឹងថា មុន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង មាន​ថយ​ន្ត​ដឹក​ទឹកកក​អនាម័យ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 3A 1819 បើកបរ​ច្រាស់ទិស​គ្នា​(​ពី​ជើង​ទៅ​ត្បូង​)​។ ពេលមកដល់​ចំណុច​ខាងលើ បាន​បែក​កង់​រេ​ចង្កូត​ទៅ​បុ​ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ បាត់ដំបង 1AB 9273 បើកបរ​ដោយ​ឈ្មោះ អោក សុខ​ណា​ង ភេទ​ស្រី អាយុ​៣១​ឆ្នាំ​នៅ​ក្រុមទី​៥ ភូមិ​តា​ង៉ែ​ន​ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង បើកបរ​គ្មាន​មួកសុវត្ថិភាព បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ​។ ចំណែក​អ្នកបើករថយន្ត បាន​ទុក​រថយន្ត​ចោល ហើយ​រត់​គេចខ្លួនបាត់​មុន​សមត្ថកិច្ច​ចុះមក​ដល់​។​

​សាកសព​ត្រូវ​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​។ រីឯ​រថយន្ត និង​ម៉ូតូ ជំនាញ​ចរាចរណ៍​ខេត្ត​បាន​យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ការដោះស្រាយ​៕