រថយន្ដ​បើក​កៀរ​ម៉ូតូ​២​គ្រឿង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

350

(​ព្រះសីហនុ​)៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កឡើង​ដោយ​រថយន្ដ​មួយគ្រឿង បើក​កៀរ​ម៉ូតូ​ពីរ​គ្រឿង ក្នុងទិសដៅ​ស្របគ្នា បណ្ដាល​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​។ ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង ៨​និង​៣០​នាទី យប់​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៧ នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១៨៤-១៨៥ ស្ថិតនៅ​ក្នុងភូមិ​បន្ទាយ​ប្រិ​យ៍ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ករណីនេះ បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង មិន​ស្គាល់​អត្តសញ្ញាណ មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​ភ្នំពេញ លុះដល់​ចំណុច​ខាងលើ​ក៏បាន​កៀរ​បុក​ម៉ូតូ​២​គ្រឿង ដែលមាន​ទិសដៅ​ស្របគ្នា​។ ១-​ម៉ូតូ​ម៉ាក MSX ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ហែម រតនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រៃនប់​៣ ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ បាន​ស្លាប់​ក្រោយពេល​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​។ ២-​ម៉ូតូ​ម៉ាក SCOOPY ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ គឺ​ម វិជ្ជា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ ភូមិ ឃុំ​កើតហេតុ របួសធ្ងន់ កំពុង​សង្គ្រោះ នៅ​គ្លីនិក​វាលរេញ​។ ចំណែក​រថយន្ត​បង្កហេតុ បាន​រត់គេច​បាត់​៕L ដោយ​៖ លីន​ណា​