រថយន្ដ​បើក​បុក​ម៉ូតូ​, ម្តាយ​ស្លាប់ និង​កូន​របួសធ្ងន់​

939
ចែករម្លែក

​ដោយ​: ឆាយា​នាថ / ភ្នំពេញ​: ម្តាយ​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ និង​កូន​ស្ត្រី​របួសធ្ងន់ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថយ​ន្ដ និង​ម៉ូតូ នៅ​ព្រឹក​ថ្ងែ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨​នេះ ចំណុច​កែង​ផ្លូវ​ចូល​ឡឥដ្ឋ ភូមិ​ជ្រោយ​អំពិល​២ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​។

​រថយន្ដ​បង្ក​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ទ ១៤៣៩ ភព​២ បើកបរ​ដោយ​ឈ្មោះ ថុង ស៊ា​ង​លី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ស្នាក់​នៅផ្ទះ​អត់​លេខ ផ្លូវ​បេតុង ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ បើកបរ​លើផ្លូវ​បេតុង​ភូមិ​ជ្រោយ​អំពិល ទិសដៅ​ពី​ជើង​ទៅ​ត្បូង ឆ្លងផ្លូវ​ជាតិ​លេខ​១ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក់ ហុងដា​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1Y 8685 ជិះ​គ្នា​ពីរ​នាក់ ។​

​ស្ត្រី​ជា​ម្ដាយ​ដែល​ស្លាប់ ឈ្មោះ នួន សុធា អាយុ​៤៥​ឆ្នាំ មុខរបរ កសិករ ស្នាកនៅ​ភូមិ​គគី​ធំ ឃុំ​គគី​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ត្រូវជា​អ្នកបើក​ម៉ូតូ និង​អ្នករងរបួស ឈ្មោះ អ៊ុន ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជា​អ្នករួមដំណើរ​ពីក្រោយ ដោយ​ម៉ូតូ​បើកបរ​លើផ្លូវ​ជាតិ​លេខ​១ ទិសដៅ​ពី​លិចទៅ​កើត​។

​សមត្ថកិច្ច​សន្និដ្ឋានថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាលមកពី​អ្នកបើករថយន្ដ​បើក​ឆ្លងកាត់​ផ្លូវ មិន​គោរព​សិទ្ធិ​អាទិភាព ដែល​ធ្វើដំណើរ​ផ្លូវត្រង់​។ ជនបង្ក​និង​វត្ថុតាង ត្រូវ​បញ្ជូនទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ល​