រថយន្ដ​ពីរ​គ្រឿង​បុក​គ្នា​រង​ការខូចខាត​ទាំងសងខាង​

882
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: នៅវេលា​ម៉ោង​១​និង​៤៥​នាទី​ឈានចូល​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៨ រថយន្ដ​ស៊េរី​ទំនើប​ពីរ​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​លុះ​មកដល់​ចំណុច​ភ្លើងស្តុប ផ្លូវបែក​ជា​បួន បុក​គ្នា​ពេញទំហឹង​ខ្ទាត​ទៅបុក​របង​ការដ្ឋាន​សំណង់​ទៅមុខ​លេង​រួច រង​ការខូចខាត​រថយន្ដ​ទាំងពីរ​គ្រឿង​ផ្នែក​ខាងមុខ​ស្ទើរតែ​ទាំងស្រុង​។ ស្ថិតនៅ​ចំណុច​ភ្លើងស្តុប​បណ្ដោយ​មហាវិថី​ព្រះសីហនុ កែង​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ដ​កាមរី​ហាយ​ព្រី​ត​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ 2Z 8906 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ពេលមកដល់​ចំណុច​ភ្លើងស្តុប​ដែលជា​ចំណុច​ផ្លូវបំបែក​ជា​បួន​មិន​បន្ថយល្បឿន ស្របពេល​មាន​រថយន្ដ​មួយគ្រឿង​ទៀត​ម៉ាក HYUNDAI TUCSON ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2T 4978 ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះសីហនុ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​ដូចគ្នា ក៏​ជ្រុល​បុក​គ្នា​ពេញទំហឹង ចំណែក​រថយន្ដ HYUNDAI TUCSON ខ្ទាត​បុក​ចូល​របង​ការដ្ឋាន​រង​ការខូចខាត​គៀប​ជាប់​របង​ការដ្ឋាន​ទៅមុខ​លែងរួច ចំណែក​រថយន្ដ​កាមរី​ហាយ​ព្រី​ត​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ដូចគ្នា​។​

​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ដល់​កន្លែងកើតហេតុ និង​ធ្វើការ​សម្របសម្រួល​គ្នា​រវាង​ម្ចាស់​រថយន្ដ​ទាំងសងខាង និង​មេការ​ការដ្ឋាន​សំណង់​។ ដោយ​ភាគី​ខាង​រថយន្ដ HYUNDAI ជា​អ្នកចេញ​សំណង់​ទាំងអស់ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕ ល​