រថយន្ដ​ម៉ាក Ford បើក​បុក​ម៉ូតូ Beat ​បណ្ដាលស្លាប់ម្នាក់​

903
ចែករម្លែក

​ដោយ : ចាន់តូ​/ ​ភ្នំពេញ​ ៖ ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ខណៈពេលដែល​កំពុង​ជិះ​ម៉ូតូ Beat ត្រូវ​រថយន្ដ​មួយគ្រឿង ម៉ាក Ford បើក​បុក​ពេញទំហឹង ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន ហើយ​ក្រោយ​បង្កហេតុ​រថយន្ដ​បង្ក​បើក​គេចខ្លួន​បាត់ស្រមោល​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃទី​១៥ ខែ​កក្ដ​ដា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន ផ្លូវ​១៨៤ កែង​ផ្លូវ លេខ​៥១ ជាប់​ខាងក្រោយ​សាលា ព្រះ​ស៊ីសុ​វត្ថិ ស្ថិតក្នុង​សង្កាត់​ផ្សា​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ឈ្មោះ ទ្រី សុ​ផេង ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​ជា​សិស្ស​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វ​ត្ថិ ថ្នាក់​ទី​៨ ស្នាក់នៅ​ប្លុក​បុរី​កីឡា អាគារ​ទី​៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ជិះ​ម៉ូតូ​ម៉ាក Beat ព​ណ៌ស លាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1GX-3576 ។ ចំណែក​រថយន្ដ​បង្ក​ម៉ាក Ford ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ គេចខ្លួនបាត់​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៨៤ ទិសដៅ​ពី​លិចទៅ​កើត ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ ដែលជា​ចំណុច​ផ្លូវបំបែក​ជា​បួន ស្រាប់​តែមាន​រថយន្ដ​បង្ក​ដែល​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន ទៅបុក​ពេញទំហឹង ហើយក៏​កិន​ជនរងគ្រោះ បណ្ដាល​ឲ្យ​បែកក្បាល​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​តែម្ដង​។ ក្រោយពី​បង្កហេតុ​ភ្លាម ម្ចាស់​រថយន្ដ​បាន​ឈប់​រួច​ចុះមក​ទាញ​ម៉ូតូ​ជនរងគ្រោះ​ដែល​គៀប​ជាប់​ក្រោម​កង់​រថយន្ដ​របស់ខ្លួន​ចេញពី​រថយន្ដ រួច​បើករថយន្ត​ចេញពី​កន្លែងកើតហេតុ​គេចខ្លួនបាត់​តែម្ដង​។

​ក្រោយពី​កើតហេតុ​សម​ត្ថិ​កិច្ច​មូលដ្ឋាន​បានប្រគល់​សពឲ្យទៅ​សាច់​ញា​ត្តិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ជនរងគ្រោះ សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​យក​ឯកសារ​ម​ក​ទទួល​ម៉ូតូ​ទៅវិញ ៕​B