រថយន្តកូរ៉េ បុករថយន្ដ​សណ្ដោងរ៉ឺម៉ក​​​ចត​ចោល​​បណ្ដាលឲ្យ​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ស្រាល ២​នាក់

194
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ បុរស​បីនាក់​បាន​បើករថយន្ត​កូរ៉េ​ដឹកទំនិញ​ពេញ​យ៉ាង​លឿន​ទៅបុក​នឹង​រថយន្តសណ្ដោង​រ៉ឺម៉ក​ពីក្រោយ​បណ្ដាលឱ្យ​កៀប​ជាប់​ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​ស្រាល២នាក់ ។ហេតុ​ការ​ណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង៣​ទៀបភ្លឺ​ឈានចូល​ថ្ងៃ​អង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ​ត្រង់ចំណុច​ជិត​ស្តុ​ប​ទំនប់​កប់​ស្រូវ​ចម្ងាយ​ប្រហែល ៥០០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិអន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។​

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ វិ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ព្រូ​រថយន្ដ សព្វថ្ងៃ​រស់នៅ​ភូមិ​វែង ឃុំ​ត្រើយ​ស្លា ​ស្រុក​ស្អាង ខេត្តកណ្ដាល​ និង​អ្នករងរបួស​ធ្ងន់​មានឈ្មោះ វ៉េវ ភេទ​ប្រុស មុខរបរ​លើក​អីវ៉ាន់ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ចំណែកឯ​តៃកុង​រថយន្ត​រង របួសស្រាល មានឈ្មោះ ប៉ូង មករា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​បើករថយន្ត រស់នៅ​ភូមិ​ឃុំ​ជាមួយ​ជនរងគ្រោះ​ខាងលើ។​

​តាម​សម្ដី​តៃកុង​រថយន្ត​បង្ក​បាន​ឲ្យ​ដឹងថា ​ដំបូង​ឡើយ​គាត់​បើករថយន្ត​ដឹកទំនិញ ម៉ាក​កូរ៉េ ៣​តោន​កន្លះ ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ​3D.8929​ដឹកទំនិញ​ចាប់ហួយ​ពេញ​ចេញពី​ស្អាង ក្នុង​គោលបំណង​យកទៅ​ខេត្តកំពង់ធំ​ ជិះ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ ទិសដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន។ ខណៈ មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​ងោក​មួយភាំង​ រេ​ចង្កូត​មក​ស្ដាំ​ដៃ​ទៅបុក​នឹង​រថយន្ត​កូរ៉េ ហុី​យិន​ដាយ ប្រភេទ​សណ្ដោង​រ៉ឺម៉ក ពណ៌ ស ពាក់​ផ្លាក​លេខ ភ្នំពេញ​3D.9618 ពីក្រោយ​ពេញទំហឹង​ដែល​រថយន្ត​ចត​ចោល​បណ្ដាលឱ្យ​កៀប​ជាប់​ស្លាប់​ម្នាក់​និង​រងរបួសធ្ងន់​ស្រាល ២​នាក់ ។ អ្នកបើកបរ​​រថយន្ត​ដែល​ចត​ចោល​ឃើញ​សភាព​ការ​ណ៍​មិន​ស្រួល​ក៏​គេចខ្លួនបាត់ស្រមោល ចំណែក​រថយន្ត​បង្ក​រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើរតែ​ទាំងស្រុង​។​

ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​ ចុះ​មកដល់​ហើយក៏​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ណ៍​ក្រុង​ចុះមក​វាស់វែង​ស្ទូច​យក​រថយន្ត​ទាំងពីរ​គ្រឿង​ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ។ ចំណែក​សាកសព​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ឲ្យ​សាច់ញាតិ ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕​B/Ha