រថយន្តក្រុង​ដឹក​ទេសចរ​និយាយ​ភាសា​ចិន​ជួប​គ្រោះថ្នាក់​នៅ​អាម៉េរិក​សម្លាប់​មនុស្ស​៤​នាក់​

221
ចែករម្លែក

​រថយន្ត​ក្រុង​មួយ​ដែល​ដឹក​អ្នក​ទេសចរណ៍​និយាយ​ភាសា​ចិន បាន​ជួប​គ្រោះថ្នាក់​នៅ​លើ​ផ្លូវ​ឆ្ពោះទៅកាន់​ឧទ្យាន​ជាតិ​មួយ​នៅក្នុង​រដ្ឋ​អ៊ុត​តា សហរដ្ឋ​អាម៉េរិក ដោយ​បាន​សម្លាប់​​មនុស្ស​៤​នាក់​និង​របួសធ្ងន់​ប្រមាណ​១៥​នាក់ នេះ​បើ​តាម​ការអះអាង​របស់​អាជ្ញាធរ​កាលពី​ថ្ងៃ​សុក្រ​ទី​២០​កញ្ញា​។​

​អ្នកបើកបរ​ដែល​នៅ​មាន​ជីវិត​ទំនងជា​មិន​ស្រវឹង និង​បាន​និយាយ​ជាមួយ​អ្នក​ស៊ើបអង្កេត​។​

​គ្រោះថ្នាក់​បាន​កើត​ឡើង​នៅ​ជិត​ចំណត​សម្រាក​ផ្លូវ​ហាយវេ​នៅ​ចម្ងាយ​១១​គីឡូម៉ែត្រ​ពី​ផ្លូវ​ចូល​ឧទ្យាន ដែល​ល្បី​ខាង​ថ្ម​ពីរ៉ាមីត​។​

​រូបភាព​បង្ហាញ​រថយន្ត​ពណ៌​សកំ​ពិត​ដំបូល​និង​វៀច​ម្ខាង​នៅ​ពេល​វា​ក្រឡាប់​ផ្ញា​អូស​រាប់សិប​ម៉ែត្រ​មុន​ឈរ​ឡើង​វិញ​នៅ​ចិញ្ចើមផ្លូវ​។​

​រថយន្ត​នេះ​ដឹក​មនុស្ស​៣១​នាក់ រួមទាំង​អ្នក​បើក និង​១២​ទៅ​១៥​នាក់​ក្នុងចំណោម​ពួក​គេ​រង​របួសធ្ងន់ ហើយ​១០​នាក់​ទៀត​រងរបួស​ស្រាយ​។​

​សូមបញ្ជាក់​ថា ទេសចរ​ចិន​ជា​ក្រុម​ទេសចរណ៍​ដែល​មាន​ការរីកចំរើន​លឿន​បំផុត​នៅក្នុង​រដ្ឋ​អ៊ុត​តា ហើយ​ជាង​ពាក់កណ្តាល​ធ្វើដំណើរ​តាម​រថយន្តក្រុង​ទេសចរណ៍​៕​ដោយ​៖​វាសនា​

រថយន្តក្រុង​ពណ៌​ស​ដេក​នៅ​ចិញ្ចើម​ផ្លូវ​ក្រោយ​ជួប​គ្រោះថ្នាក់​តាម​ផ្លូវជាតិ​លេខ​១២​ជិត​ច្រកចូល​ឧទ្យាន​ជាតិ Bryce Canyon​កាលពី​ថ្ងៃ​សុក្រ​