រថយន្តក្រុង​ថ្មី​ទាំង​១០០​គ្រឿង​ដែល​មិត្ត​ចិន​ទើប​ឲ្យ​ត្រូវដាក់​ជំនួសរថយន្តក្រុងនៅ​ខ្សែ​រត់​ចាស់​និង​ខ្សែ​រត់​ថ្មី​ចំនួន​៦​ខ្សែ​

1260
ចែករម្លែក

(​ភ្នំពេញ​) ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានសម្រេច​ដាក់​រថយន្តក្រុង​ថ្មី ដែលជា​ជំនួយ​របស់​ប្រទេស​ចិន​ចំនួន​១០០​គ្រឿង ជំនួស​ខ្សែរ​រត់​ចាស់ និង​បាន​ណែនាំ​ឲ្យ​អ្នកបើក​បរមាន​ក្រមសីលធម៌ គោរព​ច្បាប់​ចរាចរណ៍​ផងដែរ​។ ការលើកឡើង​របស់លោក ឃួ​ង ស្រេង បាន​ធ្វើឡើង​នៅក្នុង កិច្ចប្រជុំ​ពិភាក្សា​ការរៀបចំ​តម្រាយ ផ្លូវ​សម្រាប់​រថយន្តក្រុង​ថ្មី​១០០​គ្រឿង ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន​​ទៀត នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។​
​ ​
​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​នេះ​ក្រៅពី​ការរៀបចំ​តម្រាយ​​ផ្លូវ និង​ការផ្លាស់ប្តូរ​រថយន្ត លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ណែនាំ​ប្រធាន​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រាជធានី​ភ្នំពេញ ឲ្យ​អប់រំ​ណែនាំ​ឲ្យ​អ្នកបើកបរ រថយន្ត​ទាំងអស់​ឲ្យ​ចេះ​ស្រឡាញ់ រថយន្តក្រុង​ឲ្យ​ដូច​រថយន្ត​ផ្ទាល់ខ្លួន ត្រូវមាន​ក្រមសីលធម៌​គោរព​ច្បាប់​​ចរាចរណ៍​និង​មានការ​យោគយល់ ឲ្យ​បាន​ច្រើន​ដើម្បី​កាត់បន្ថយ ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​និង​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​​ផងដែរ​។​

​លោក ម៉េ​ត មាស​ភក្តី បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​នេះ​ពិភាក្សា លើ​តម្រាយ​ផ្លូវ​របស់​រថយន្តក្រុង​ដោយ​បន្ថែម​ខ្សែ​រត់​ចំនួន​៦​ខ្សែ​។​ប៉ុន្តែ​ទោះ​​បី​ជា​យ៉ាងណាក្តី កិច្ចប្រជុំ​មិនបាន​បញ្ជាក់​ឲ្យ បាន​ច្បាស់​ពី​តម្រាយ​ផ្លូវ​ទាំង​៦​ខ្សែ​នេះ​ទេ ដោយ​លោក​បញ្ជាក់ថា “​រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​សិក្សា​ថា តើ​ផ្លូវ​ណា​សំខាន់ ផ្លូវ​ណា​មាន​តម្រូវការ​ប្រជាពលរដ្ឋ​ជិះ​ច្រើន​ទើប យើង​សម្រេច​ជា​ក្រោយ​”​។​
​ ​
​លោក​បាន​បន្តថា “​ក្រោយ​ការសិក្សា​អោយបាន​ល្អិតល្អន់​ហើយ ខ្សែ​រត់​មួយចំនួន និង​មមាញឹក​ជាង​ពេលមុន​ពោល គឺ​បើ​មាន​តម្រូវការ ជាក់លាក់ គឺ​រថយន្ត​និង​ល្បឿន​នៃ​ខ្សែ​រត់​ក៏ត្រូវ​បង្កើន​ទៅតាម​ភាពជាក់ស្តែង​ផងដែរ​”​។​
​ ​
​លោក ម៉េ​ត មាស​ភក្តី បន្ថែមថា ដំណើរការ​នៃ​ការផ្លាស់ប្តូរ​រថយន្តក្រុង​ចាស់ ទៅ​រថយន្តក្រុង​ថ្មី​ទាំង​៥៧​គ្រឿង​នេះ គឺ​រថយន្ត​ចាស់ៗ ទាំងនោះ និង​បញ្ជូន​ទៅធ្វើ​ការជួសជុល​។ លោក​រំពឹងថា ក្រោយពី​ដាក់​រថយន្ត​ថ្មី​ចូលទៅក្នុង​ខ្សែ​រត់​ចាស់ និង​ធ្វើ​ឲ្យ​ចំនួន​អ្នកជិះ​មាន​ការកើនឡើង​ស្រប​ពេលដែល​បច្ចុប្បន្ននេះ​មាន​អ្នកជិះ ជា​មធ្យម ពី​៧​ពាន់​ទៅ​៨​ពាន់​នាក់​ក្នុង​មួយថ្ងៃ​។​
​ ​
​លោក ម៉េ​ត មាស​ភក្តី បាន​បញ្ជាក់ថា ក្រៅពី​ជំនួយឥតសំណង នូវ​រថយន្ត​១០០​គ្រឿង ដែល​ផ្តល់ជូន​ដោយ រដ្ឋាភិបាល​ចិន​ហើយ​នៅ​ដើម​​ឆ្នាំ​២០១៨​នេះ រាជរដ្ឋាភិបាល ជប៉ុន និង​ប្រគល់ជូន​រថយន្តក្រុង ចំនួន​៨០​គ្រឿង​ទៀត​មក​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុងចំណោម​រថ​​យន្ត​ចំនួន​១៤០​គ្រឿង​ដែល​នឹងត្រូវ​ប្រគល់ជូន​ជា​បន្តបន្ទាប់​នៅពេល​ខាងមុខនេះ​៕​ដោយ​៖​វិបុល​

លោក ឃួ​ង ស្រេង ប្រជុំ​ពិភាក្សា​ការរៀបចំ​តម្រាយ ផ្លូវ​សម្រាប់​រថយន្តក្រុង​ថ្មី​១០០​គ្រឿង ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន​​ទៀត នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧​នេះ​
រថយន្តក្រុង​ថ្មី ដែលជា​ជំនួយ​របស់​ប្រទេស​ចិន