ដោយ៖រ៉ាម៉ន
ភ្នំពេញ៖រថយន្តក្រុងថ្មីចំនួន២០គ្រឿងក្នុងចំណោម៨០គ្រឿងដែលជាអំណោយរបស់ប្រទេសជប៉ុនតាមរយះភ្នាក់ងារសហប្រតិប័ត្តការអន្តរជាតិជប៉ុនអន្តរជាតិជប៉ុនហៅអង្គការចៃការក្នុងជំហានទី១បានមកដល់រាជធានីភ្នំពេញហើយដើម្បីបំរើលើវិស័យដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ ។
ជាក់ស្ដែងរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ លោកឃួង ស្រេង អភិបាលរាជធានីពេញ តំណាងភ្នាក់ងារសហប្រតិប័ត្តការអន្តរជាតិជប៉ុនហៅអង្គការចៃការជប៉ុន បានអញ្ជើញចុះពិនិត្យនិងជិះសាកល្បងរថយន្តថ្មីនេះ ដែលបានរក្សាទុកនៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ ។
ក្នុងឱកាសនោះលោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ដោយមើលឃើញស្ថានភាពកកស្ទះចរាចរនៅក្នុងរាជធានីភ្នំពេញ ប្រទេសចិនបានប្រគល់ឱ្យ១០០គ្រឿង ហើយខាងភ្នាក់ងារសហប្រតិប័ត្តការអន្តរជាតិជប៉ុនហៅអង្គការចៃការរបស់ប្រទេសជប៉ុនបានសម្រេចផ្តល់ជូន៨០គ្រឿង ដោយក្នុងនោះ ក្នុងជំហានទី១ ជប៉ុនផ្តល់ឱ្យ ២០គ្រឿងនេះ ជំហានទី២បន្តប្រគល់ជូនចំនួន ២០គ្រឿង ទី៣ ចំនួន២០គ្រឿង និងទី៤ បំណាច់ឆ្នាំនេះប្រគល់ជូន២០គ្រឿងទៀតបង្គ្រប់តែម្តង។ លោកបន្តថា បើយើងដំណើរការទៅបានរលូន ទទួលបានប្រជាពលរដ្ឋជិះកាន់តែច្រើន រួមនិងការបន្ថែមខ្សែរត់ទៀតនោះ ប្រទេសជប៉ុននឹងផ្តល់រថយន្តក្រុងមករាជធានីភ្នំពេញយើងចំនួន៦០គ្រឿងបន្ថែមទៀត ។ លោកបញ្ជាក់ទៀតថា៖ មកដល់ពេលនេះសម្រាប់រាជធានីភ្នំពេញ មានខ្សែរត់របស់រថយន្តក្រុងចំនួន៩ខ្សែហើយ ហើយក្នុងចំនួន៩ខ្សែនេះមាន៤ខ្សែដែលប្រជាពលរដ្ឋ ពេញនិយមជិះ ។
ការដឹកជញ្ជូនអ្នកដំណើរតាមរថយន្តក្រុងនេះកាត់បន្ថយ ហានិភ័យនៃការគ្រោះថ្នាក់បានច្រើន មានផាសុខភាព ស្របពេលដែលរាជធានីភ្នំពេញកំពុងអភិវឌ្ឍរីកចំរើន ។លោកសូមស្នើឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរទាំងអស់គ្នា ការចូលរួមរបស់បងប្អូនគឺជាការចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខ្លួនឯងនិងអភិវឌ្ឍប្រទេសជាតិ យើងឱ្យបានរីកចំរើនឆាប់រហ័ស៕