រថយន្តក្រុង​បុក​ស្ត្រី​ម្នាក់​ដើរ​ឆ្លងផ្លូវ​ស្លាប់​ភ្លាមៗ

438
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង ខណៈ​ដើរ​ឆ្លងផ្លូវ​ហើយ​ត្រូវ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​បុក​មួយ​ទំហឹង​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ហេតុការណ៍​នោះបាន​កើតឡើង​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ខ្ចាស់ ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម​។​

​លោក​វរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាល​ស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក ម៉ាក​អ៊ែ​រ៉ូ​ស្ពេស​(​រថយន្ត​ឯកជន​) ពណ៌​ស​-​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ : ៣B – ៩៦៦៣ ស៊េរី​២០០១ បាន​បើកបរ​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ មក​សៀមរាប​។​ពេលមកដល់​ចំណុចកើតហេតុ បាន​បុក​អ្នក​ថ្មើរជើង​ម្នាក់ ឈ្មោះ ឈន់ ពៅ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្ចាស់ ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ដែល​បាន​ដើរ​ឆ្លងកាត់​ផ្លូវ​ពី​ត្បូង​ទៅ​ជើង​បណ្តាលអោយ​ស្លាប់​ភ្លាមៗ​តែម្តង​។ ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួនបាត់​។​

​ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​, មន្ត្រីនគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ខ្ចាស់ និង​ប្រជា​ការពារ បាន​ចុះ​ធ្វើការ​វាស់វែង និង​បញ្ជូន​រថយន្ត​មកកាន់​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី​។ សាកសព​បានប្រគល់ ជូន​ក្រុមគ្រួសារ​៕ ល​