រថយន្តបុករះម៉ូតូ២គ្រឿង រងរបួសធ្ងន់មនុស្ស ៥នាក់ នៅស្រុកបាណន់

835
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយកើតឡើងនៅចំណុចភូមិដូង ឃុំឈើទាល ស្រុកបាណន់ រវាងរថយន្តកាមរីបាឡែន​​១គ្រឿង បុករះម៉ូតូ១គ្រឿង និងម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង បណ្តាលឱ្យរងរបួសធ្ងន់៥នាក់ ត្រូវសមត្ថកិច្ចដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។

លោក រើយ ចំរើន មេបញ្ជាកររងមូលដ្ឋានអាវុធហត្ថស្រុកបាណន់បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាកកាមរី បាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AA 4055បើកបរដោយឈ្មោះធឹង លីដូ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកំប៉ង់កើត ឃុំកន្ទឺ២ ស្រុកបាណន់ ។ពេលមក ដល់ចំណុចខាងលើ បានបុករះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហមគ្មានស្លាកលេខ បើកបរដោយឈ្មោះរ៉េត វីត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិដូង ឃុំឈើទាលស្រុកបាណន់របួសធ្ងន់បាក់ជើងស្តាំ រួចបន្តទៅបុករោងអាំងសាច់បណ្តាលឲ្យរបួសមនុស្ស២នាក់មាន ឈ្មោះហ៊ាត កេសី ភេទស្រីអាយុ៣២ឆ្នាំនៅភូមិដូង ឃុំឈើទាលស្រុកបាណន់ របួសធ្ងន់និងឈ្មោះ អឿប សៅរិន ភេទស្រូអាយុ៣៥ឆ្នាំរស់នៅភូមិ ឃុំ ជាមួយគ្នា របួសធ្ងន់ ។

រថយន្តបង្កមិនទាន់អស់ល្បឿន បានជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែ ម៉ាកសង់កូរ៉េចាស់ ពណ៌ប្រផេះពាក់ស្លាកលេខ បាត់ដំបង 1J 1574 បើកបរដោយ ឈ្មោះ ហ៊ា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ក្រុងបាត់ដំបង របួសធ្ងន់និងអ្នក រួមដំណើរ ១នាក់ឈ្មោះនិមលអាយុ៤៣ឆ្នាំ ត្រូវជាប្រពន្ធ(របួសធ្ងន់) ។

លោកនាយរងកងរាជអាវុធហត្ថស្រុកបានបន្តថា ជនរងគ្រោះទាំង៥នាក់ត្រូវបាន​បញ្ជូនទៅមន្ទីពេទ្យខេត្ត។ ចំណែកការខូចខាតមាន រថយន្ត១គ្រឿង ម៉ូតូ២គ្រឿង ធ្ងន់ រ៉ឺម៉ក២គ្រឿង រោងលក់សាច់១ខ្នង និងទ្វារផ្ទះ១ផ្ទាំង។

ដោយឡែកអ្នកបើកបរនិងរថយន្តបង្កត្រូវប៉ូលិសជំនាញចរាចរណ៍ខេត្តអូសយកទៅការិយាល័យចរាចរណ៍ខេត្ត។ ចំណែកម៉ូតូ និងរ៉ឺម៉កយកមករក្សាទុកនៅអធិការ​ដ្ឋានស្រុករង់ចាំធ្វើការដោះស្រាយតាមច្បាប់៕B/Ha