រថយន្តបុក​ចូល​ផ្ទះ​ពលរដ្ឋ​បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​

166
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នា​ក់បាន​បើករថយន្ត​កាមរី​ឆ្លាម​ជាន់​ហ្គេ​ច្រឡំ​ហ្វាំ​ង បណ្ដាល​ឲ្យ​បោល​ទៅបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​កំរោល​រង​ការខូចខាត​យ៉ាងដំណំ បង្ក​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩ និង​២០​នាទី​យប់ ថ្ងៃ​អង្គារ ទី​១៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ព្រ​លា​ន្ត​យន្តហោះ​អន្តរជាតិ​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវ​សហ​ពន្ធ​រុស្ស៊ី ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​និង​អ្នករួមដំណើរ​៤​ទៅ​៥​នាក់​ទៀត បាន​បើក​ថយ​ន្ត​មួយគ្រឿង​ម៉ាក​កាមរី​ឆ្លាម ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-0754 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហ​ពន្ធ​រុស្ស៊ី ទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុច​កន្លែងកើតហេតុ ក៏​រេ​ចង្កូត​ជ្រុល​ទៅខាង​ស្ដាំ​ដៃ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​ស្រី្ត​ម្នាក់​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ចូល​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែកឯ​ទ្វារផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​បែក​កញ្ចក់​យ៉ាងដំណំ​ផងដែរ​។​

​បើតាម​សម្ដី​បុរស​ម្នាក់​ជា​តៃកុង​រថយន្ត​បង្ក បាន​ប្រាប់​ឲ្យ​ដឹងថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​រូបគាត់​បើករថយន្ត​បុក​ផ្ទះ​ប្រជាពលរដ្ឋ​នេះ គឺ​មកពី​គាត់​បើករថយន្ត​គេច​ពី​រថយន្ត​ផ្សែង ដែល​បើក​បញ្ច្រាសទិស​ច​រាច​រណ៍ ធ្វើ​ឲ្យ​គាត់​ជាន់​ហ្វាំ​ង តែ​ច្រឡំ​ជាន់​ហ្គេ ទើប​ធ្វើ​ឲ្យ​បោល​ទៅបុក​ទ្វា​ផ្ទះ​ប្រជាពលរដ្ឋ ឲ្យ​ខូចខាត​បែបនេះ​តែម្ដង​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​បាន​ឲ្យ​ភាគី​ទាំងសងខាង​សម្របសម្រួល​គ្នា ហើយ​មួយសន្ទុះ​ក្រោយ ទើប​ភាគី​ខាង​រថយន្ត បង្ក​ព្រម​ចេញ​ផ្លៃ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ភាគី​ខាង​ម្ចាស់ផ្ទះ​ទាំងស្រុង ដើម្បី​បញ្ចប់រឿង​នៅនឹងកន្លែង​កើតហេតុ​៕