រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​ភ្លាម​នៅ​ស្រុក​គងពិសី​

336
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ហេតុការណ៍​នេះ កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧-១៨ ត្រង់ចំណុច​ភូមិ​ខ្លែង​ពណ៌​ជើង ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង បើកបរ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ​១២៥​សេរី​២០១៦ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1H 3196 បើកបរ​ដោយ​ឈ្មោះ​អ៊ី​ត ចាន់​គ្រឹះ​ស្នា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​កំណប់​ឃុំ​ស្វាយ​ក្រ​វ៉ាន់​ក្រុង​ច្បា​មន និង​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ គ្រី​ម សុវណ្ណ​រដ្ឋា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា ដែល​បើក​បញ្ច្រាសទិស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ទាំងពីរ​នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

​ក្រោយ​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​រត់​គេចខ្លួនបាត់​។ ចំណែក​សព​ត្រូវបាន​ជំនាញ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​។ ចំពោះ​វត្ថុតាង​ត្រូវបាន​ជំនាញ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក និង​ស្រាវជ្រាវ​តាម​ចាប់​រថយន្ត​បង្ក យកមក​ផ្តន្ទាទោស​តាមច្បាប់​៕ ល​