រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​ស្រុក​គងពិសី​

429
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ចំណុច​ភូមិ​ក្រសាំង​ជី​មែ ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​សាក់​មែន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3A1270 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ បើកបរ​ពី​ជើង​ទៅ​ត្បូង លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​បត់​ឆ្លងផ្លូវ​ទៅ​លិច ក៏​ជ្រុល​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ​អ៊ី​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1I 6954 បើកបរ​ដោយ​ឈ្មោះ ប៊ី សុភា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ក្តាន់​ខាងកើត ឃុំ​ទូក​មាស​ខាងកើត ស្រុក​បន្ទាយមាស ខេត្តកំពត ចំ​ពីក្រោយ​រួច​កិន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​ហេតុ​។​

​ប្រភព​បន្តថា ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់​។ ចំណែក​សព​ត្រូវបាន​កម្លាំង​ជំនាញ​បាន​ទាក់ទង​ទៅ​សាច់ញាតិ មក​ទទួល​ទៅធ្វើ​បុណ្យ ចំពោះ​ម៉ូតូ​និង​រថយន្ត​កម្លាំង​នគរបាល​ជំនាញ​បាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ល​