រថយន្តបុក​ម៉ូតូ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ម្នាក់​នៅ​ស្រុក​ប្រាសាទ​បាគង​

163
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​ ៖ ​បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង ឯ​ម្នាក់ទៀត​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​រថយន្តបុក​ជាមួយ​ម៉ូតូ​។​ ហេតុការណ៍​នោះបាន​កើតឡើង លើ​ដង​ផ្លូវជាតិ​លេខ​៦ នៅ​ថ្ងៃទី​៣​ខែ កញ្ញា​ឆ្នាំ​២០១៩​នៅវេលា​ម៉ោង​៧.៣០​នាទី​ព្រឹក ត្រង់​ចំណុច​ចន្លោះ​បង្គោល​គីឡូ​លេខ ២៩៥.២៩៤ ភូមិ​ស្វាយ​ជ័យ​ឃុំ​ត្រពាំង​ធំ​ស្រុក​ប្រាសាទបាគង​។

មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក បានឲ្យដឹងថា រថយន្ដ​បង្ក​ម៉ាក​កូរ៉េ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​សៀមរាប 2A 67 18 បើកបរ​ដោយ​ឈ្មោះ មិន​ស្គាល់​អត្ដ​សញ្ញាណ ក្នុងទិសដៅ​បញ្ច្រាស​គ្នា ពី​កើ​តទៅ​លិច​។ ឯ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ សេរី​០១៦​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប 1Y 10 23 បើកបរ​ដោយ​ឈ្មោះ ធឿន រ៉ា​ឈូ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​សញ្ជាតិ​ខ្មែរ​ដែលមាន​ទីលំនៅ​ភូមិ ត្របែក ឃុំ​ដំ​ដែក​ស្រុក​សូទ្រនិគម ខេត្ដ​សៀមរាប និង​អ្នករួមដំណើរ​ឈ្មោះ អ៊ុន វ៉ា​ត់ ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​នៅ​ភូមិ​ដូចគ្នា​។

​ប្រភព​បន្តថា ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ដ​ចុះ​រត់​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​រថយន្ត​ធ្លាប់​ទៅ​ចិញ្ចើមផ្លូវ និង​សាកសព​ជនរងគ្រោះ​នៅនឹងកន្លែង​។​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ ដោយសារ​រថយន្ត​បើក​រំលោភ​ផ្លូវ​(​មិន​ប្រកាន់​ស្តាំ​)​។​ក្រោយពេល​វាស់វែង​និង​យក​វត្ថុតាង​ទៅ​រក្សាទុក សាកសព​ប្រគល់ជូន​ក្រុមគ្រួសារ​៕​B/