រថយន្តស្ទូច​បុក​ម៉ូតូ​ កិន​ស្លាប់​២​នាក់​ប្ដី​ប្រពន្ធ​នៅ​កន្លែងកើតហេតុ​យ៉ាង​អាណោ​ច​អាធ័ម

256
ចែករម្លែក
  • 3
    Shares

ដោយ:​ចាន់តូ/​ភ្នំពេញ ៖ ប្តី​ប្រពន្ធ២​នាក់​ត្រូវបាន​រថយន្ត​ស្ទួ​ច​ខ្នាត​យក្ស​កិន​ប្តី​ប្រពន្ធ​ខ្ទេច​ខ្លួនប្រាណ​ស្លាប់​យ៉ាង​អាណោ​ច​អាធ័ម បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​យប់ ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៩ នៅតាម​បណ្ដោយ​ផ្លូវ​លេខ១០០៣ កែង​ផ្លូវ​បេតុង ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ​ដែល​បង្កឡើង​ដោយ​រថយន្ត​ខ្នាត​យក្ស​បើក​កៀរ​ម៉ូតូ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ដួល ។​

សព​ប្តី​មានឈ្មោះ ញាណ សៅ​វុទ្ធី អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​កែវ​ឧត្ដម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ឯ​សព​ប្រពន្ធ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ ។​

​តាម​ប្រភពព័ត៌មាន​ពី​ប្អូនស្រី​ម្នាក់​ដែល​ឃើញ​ហេតុ​ការ​ណ៍នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ប្ដី​ប្រពន្ធ​ជនរងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា PCX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1HH-0909 បាន​ឌុប​គ្នា​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវលេខ​១០០៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​ល្មម។ ខណៈ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ ​ក៏​ស្រាប់​តែមាន​រថយន្ត​បង្ក KATO ប្រភេទ​រថយន្ត​ស្ទួ​ច​ធុន​ធំ ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ5A-0889 បើកបរ​ដោយ​បុរស​ម្នាក់​និងអ្នក​រួម​ដំណើរ​ម្នាក់ទៀត​ធ្វើដំណើរ​ស្រប​ទិស​គ្នា​មកពី​ក្រោយ​ម៉ូតូ​ជនរងគ្រោះ​យ៉ាង​លឿន ហើយក៏​ទាក់​ដៃចង្កូត​ម៉ូតូ​របស់​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ដួល ធ្វើ​ឲ្យ​បុរស​ជា​ប្ដី​ខ្ទាតចូល​ទាំង​ខ្លួនប្រាណ​ចូល​ក្រោម​កង់​រថយន្ត​កិន​បែក​ខ្លួន​អូស​ជាង​១០​ម៉ែត្រ​ស្លាប់​យ៉ាង​អា​ណោ​ច​អាធ័ម រីឯ​ប្រពន្ធ​ក៏ត្រូវ​រថយន្ត​បង្ក​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​ផងដែរ។​

​ក្រោយ​កើតហេតុ​ភ្លាមៗ អ្នកបើកបរ​រថយន្ត​បង្ក​បាន​ឈប់​រថយន្ត​បើកទ្វារ​ចុះ​រត់គេចខ្លួន​បាត់ស្រមោល។ បន្ទាប់មក​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ចរាចរណ៍​ មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក និង​ម៉ូតូ​ ព្រមទាំង​លុយ​ជាង​៥០០$​របស់​ជនរងគ្រោះ យកទៅ​រក្សាទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​អនុវត្តន៍តាម​នីតិវិធី ។ ​ចំណែក​សព​ជនរងគ្រោះ​ទាំង​ប្ដី​ប្រពន្ធ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើ​កំណត់ហេតុ ហើយ​ប្រគល់​សព​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីនៅឯ​ស្រុកកំណើត​៕​B/Ha