រថយន្តឡិចស៊ីស ​GS300​ពន្លះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បាក់​៣​កង់ ​រថយន្ត​រង​ការខូចខាត​

138
ចែករម្លែក

ដោយៈ​ចាន់តូ​:ភ្នំពេញ: បុរស​ម្នាក់​បាន​បើករថយន្ត​មួយគ្រឿង​ទំនងជា​ស្រវឹងស្រា​បើក​បោះពួយ​យ៉ាង​លឿន​បាន​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​បាក់​អស់​៣​កង់ និង​វៀច​ចេញពី​ជួរ​ចំនួន​៣​កង់​បន្ថែមទៀត រថយន្ត​បែក​ធុង​ទឹក​ទៅមុខ​លែងរួច​។​ហេតុ​ការ​ណ៏​នេះ​កើតឡើង​កាល​វេលា ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃអាទិត្យ ទី​២០ ខែតុលា ឆ្នាំ​២០១៩​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ចំណុច​ជិត​រង្វង់​មូល​ចោមចៅ ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​អ្នកបើករថយន្ត​បង្ក​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ​បាន​បើកទ្វារ​ចុះ​រត់​បាត់ស្រមោល​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក រថយន្ដ​ម៉ាក​ឡិចស៊ីសGS300 ព​ណ៌ស ពាក់​ផ្លាក​លេខ ភ្នំពេញ​2AX.9108​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទិសដៅ​ពី​លិចទៅ​កើត បោះពួយ​យ៉ាង​លឿន ខណៈ​មកដល់​ចំណុច​កន្លែងកើតហេតុ​ខាងលើ​ក៏​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​បាក់​អស់​៣​កង់ និង វៀច​ចេញពី​ជួរ​ចំនួន​៣​កង់​បន្ថែមទៀត ។ រថយន្តវិល​មួយ​ជុំ​ខ្ទេច​ខាងមុខ​ទៅមុខ​លែងរួច តែ​សំណាងល្អ​មិនមាន​អ្នកណា​រងរបួស​នោះទេ មួយសន្ទុះ​ក្រោយមក​អ្នកបើករថយន្ត​បង្ក​បាន​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​វាស់វែង​ស្ទូច​យក រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យចរាចរ​ណ៏​ផ្លូវគោក​ស្នងកា​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​/Ha