រថយន្ត​កុងតឺន័រ​បត់​មិន​ប្រយ័ត្ន បុក​បង្គោល​ភ្លើង​រង​ការខូចខាត​, ហាម​អ្នកសារព័ត៌មាន​មិន​ឲ្យ​ថត​

738
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: គ្រាន់តែ​គ្រោះថ្នាក់​ចរាចរណ៍​បុក​បង្គោល​ភ្លើង​រង​ការ​ខូវ​ខាត​តិចតួច​សោះ ភាគី​ខាង​រថយន្ត​បង្ក​ដែលមាន​គ្នា​ជាង​២០​នាក់ បាន​បំរុង​ឈ្លោះទាស់ទែង​ជាមួយ​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន​ដែល​ចុះ​ទៅយក​ព័ត៌មាន​ទៀត​។ ក្នុងករណី​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១០ និង​៤០​នាទី​យប់ ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ (​ចំការ​ដូង​) ស្ថិតក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា នៅពេល​កើតហេតុ រថយន្ត​បង្ក​ម៉ាក Hino ជា​ប្រភេទ​រថយន្ត​ដឹក​ទូ​កុងតឺន័រ ពណ៌​លឿង ពាក់​ស្លាក​លេខ ក្រ ប៉ៃលិន 3A-0106 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ មកដល់​ចំណុចកើតហេតុ​ក៏​បត់​ឆ្លងផ្លូវ​ត្រឡប់ក្រោយ​វិញ តែ​មិន​ប្រយ័ត្ន​ក៏បាន​បុក​និង​បង្គោល​ភ្លើង ព្រមទាំង​ប៉ះ​ប្រអប់​ភ្លើង​បណ្ដាល​ឲ្យ​រង​ការខូចខាត​តិចតួច ភ្លាមនោះ​ប្រជាពលរដ្ឋ​បានចេញ​មកឃាត់​រថយន្ត​បង្ក​កុំ​ឲ្យ​បើក​បន្ត​ខ្លាច បង្ក​ឲ្យ​ខូចខាត​ថែមទៀត តែ​តៃកុង​រថយន្ត​បង្ក​មិន​ស្ដាប់ ក៏បាន​ថយ​ទៅ​ប៉ះ​ប្រអប់​ភ្លើង​បន្ថែមទៀត ហើយ​ចង់​បើក​គេចខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ឃាត់ ដោយ​ភាគី​ខាង​រថយន្ត​បង្ក​មាន​គ្នាច្រើន​នាក់ បំរុង​រករឿង​និង​បង្ក​ហឹ​ង្សា ទៅលើ​ពួកគាត់ តែ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែងកើតហេតុ​ភ្លាមៗ ។ ក្នុងអំឡុង​ពេលនោះ​ក៏មាន​អ្នកសារព័ត៌មាន​ចុះទៅ​ថត​រូបភាព​រថយន្ត​បង្ក ស្រាប់តែ​ពេលនោះ​អ្នកបើកបរ​រថយន្ត​បានមក​រករឿង​មិន​ឲ្យ​ថត និង​ថត​អ្នកសារព័ត៌មាន ដោយ​មិន​ចង់​មានរឿង​វែងឆ្ងាយ​អ្នកសារព័ត៌មាន​បានត្រឹមតែ​ដើរចេញ ។​

​ក្នុងករណី​ខាងលើ​នេះដែរ សមត្ថកិច្ច​មូលដ្ឋាន​ដែល​ទទួល​ផ្នែក​ចរាចរណ៍​បាន​ប្រាប់​ឲ្យ​ដឹងថា ភាគី​ខាង​រថយន្ត​បង្ក​បាន ព្រម​សង​ថ្លៃ​ខូចខាត​ទាំងអស់​ទៅលើ​ក្រុមហ៊ុនអគ្គីសនី ដើម្បី​បញ្ចប់រឿង​៕