រថយន្ត​កុងតឺន័រ​បើក​បុក​រថយន្ត​បន្តកន្ទុយ​គ្នា​បី​តង់​ត រងរបួស​ធ្ងន់​ម្នាក់​

530
ចែករម្លែក

​ដោយ : ​ចាន់តូ​/​ភ្នំពេញ ៖ បុរស​ម្នាក់​រងរបួស​ធ្ងន់​បុក​អុក​ផ្ទប់​នឹង​ទ្រូង​គៀប​ជាប់​ក្នុង​កាប៊ីន​រថយន្ត បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​រថយន្តកុងតឺន័រ​បើក​បុក​ពីក្រោយ​រថយន្ត​កូរ៉េ ដឹក​កម្ទេច​ក្រណាត់ ហើយ​រុញ​ផ្ទប់​បុក​គូទ​កុងតឺន័រ​មួយគ្រឿង​ទៀត បើកនៅ​ពី​ខាងមុខ ស្រប​ទិស​គ្នា​ទាំងអស់ កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ល្ងាច ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុរថយន្ត​បង្កម៉ាក​ហ៊ីយ៉ាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខភ្នំពេញ3D-8832 បើកបរ​ពី​ជើង​ទៅ​ត្បូង។ លុះដល់​ចំណុច​ខាងលើ បាន​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​កូរ៉េ ម៉ាកKIA ពណ៌​ស ចំណុះ​១​តោន ពាក់​ស្លាក​លេខ ព្រះសីហនុ 2A-0544 ដឹក​កម្ទេច​ក្រណាត់ បើកបរ​ដោយ​ឈ្មោះ សុខ ស៊ី​ណា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ហើយ​រុញ រថយន្ត​កូរ៉េ​ខាងលើ ទៅបុក​ផ្ទប់​ពីក្រោយ គូទ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ផ្សេងទៀត ដែល​បើក​នៅ​ពី​ខាងមុខ ក្នុង​ដំណើរ​ស្រប​ទិស​គ្នា​ទាំងអស់ ។​

​ក្រោយ​កើតហេតុ រថយន្ត​កុងតឺន័រ នៅខាងមុខ​គេ ពុំមាន​ខូចខាត មិនបាន​ឈប់ បន្តដំណើរ​ទៅមុខ​បាត់ សល់​តែ​រថយន្ត​២​គ្រឿង នៅ​កន្លែងកើតហេតុ ហើយ​ខូចខាត​ធ្ងន់​ជាងគេ ខ្ទេ​ច​ទាំង​មុខ ទាំងក្រោយ ហើយ​អ្នកបើកបរ​រងរបួស​ធ្ងន់ អុក​គៀប​ជាប់​កាប៊ីន ត្រូវបាន​ក្រុម​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​ប​ញ្ជូ​ន​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ។ រីឯ​រថយន្ត​ទាំង​២​គ្រឿង នៅ​កន្លែងកើតហេតុ ត្រូវបាន​តំណាង​រថយន្ត​សងខាង មក​ដោះស្រាយ ដោយ​ខាង​រថយន្ត​កុង​តៃ​ន័​រ ចេញថ្លៃ​ជួសជុលរថយន្តរងគ្រោះ​ឡើងវិញ និង​ធានា​សេវា​ព្យាបាល​របួស ដើម្បី​បញ្ចប់រឿងនៅ​កន្លែងកើតហេតុ ៕​B