រថយន្ត​កូរ៉េ​បុក​រុញ​ម៉ូតូ​ផ្ទប់​រថយន្ត​កូរ៉េ​ខាងមុខ របួសធ្ងន់​ស្រាល​៣​នាក់

768
ចែករម្លែក

ដោយ:​ចាន់តូ/​ភ្នំពេញ ៖ យុវ​សិស្ស​៣​នាក់​រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​សាលារៀន ត្រូវបាន​រថយន្ត​កូរ៉េ​បើក​បុក​ពីក្រោយ ហើយ​រុញ​ផ្ទប់​ចូល​គូទ​រថយន្ត​កូរ៉េ​មួយគ្រឿង​ទៀត​បើក​នៅខាងមុខ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅតាម​មហាវិថី​ឈ្នះ ឈ្នះ ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ភាគី​រថយន្ត​បង្ក កូរ៉េ ម៉ាក​ហ៊ីយ៉ាន់​ដាយ ពណ៌​ស ទ្រុង ពាក់​ស្លាក​លេខ ភ្នំពេញ 3B-7228 ។ ចំណែក​រថយន្ត​មួយគ្រឿង​ទៀត កូរ៉េ ម៉ាក​ហុ​ី​យ៉ាន់​ដាយ​ឃ្លប់ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-7082 ។ រីឯ​ម៉ូតូ​រងគ្រោះ នៅ​កណ្តាល​គេ ម៉ាក​ហុងដា សេ​១២៥ សេរី​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AR-4093 ជិះ​គ្នា​៣​នាក់ បើកបរ​ដោយ​ឈ្មោះ ជា រ៉ាវី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ សិស្ស​ថ្នាក់​ទី​១០ វិ​ទ្យ​ល័យ​ជម្ពូ​វ័ន មាន​ទីលំនៅ ភូមិ​ចែងម៉ែង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រងរបួស​ធ្ងន់ ។ រួម​ដំណើរ​ដោយ​ឈ្មោះ បៀ​ន បញ្ញា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស រៀន​ថ្នាក់​ទី​១០ វិទ្យាល័យ​ជម្ពូ​វ័ន មាន​ទីលំនៅ ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​៣ រងរបួស​ធ្ងន់ និង​ឈ្មោះ ឡាញ់ រ៉ូ​ហ្សា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​១០ ជាមួយគ្នា មាន​ទីលំនៅ ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​៣ រងរបួស​ស្រាល ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុបាន​ឲ្យ​ដឹងថា មុន​កើតហេតុ យុវជន​រងគ្រោះ​ទាំង​៣​នាក់ ជិះ​ម៉ូតូ ឌុប​គ្នា​ទៅ​សាលារៀន ធ្វើដំណើរ​តាម​មហាវិថី​ឈ្នះ ឈ្នះ ពី​ជើង​ទៅ​ត្បូង ដោយ​បើក​តាម​ពីក្រោយ​រថយន្ត​ឈ​ឃ្លប់ ស្រាប់តែ​ចំណុច​ខាងលើ ត្រូវបាន​រថយន្ត​កូរ៉េ​ទ្រុង បើក​ពី​ជើង​ទៅ​ត្បូង ស្របគ្នា​បុក​ពីក្រោយ​ម៉ូតូ​រុញ​ផ្ទប់​ចូល​រថយន្ត​ឃ្លប់ បណ្តាល​ឲ្យ​ម៉ូតូ​គៀប​ជា​ប្រឡោះ​កណ្តាល មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​ស្រាល ។​

​ក្រោយ​កើតហេតុ ជនរងគ្រោះទាំង​៣​នាក់​ត្រូវបាន មិត្ត​ភក្ដិក្រុមគ្រួសារ ដឹក​តាម​ម៉ូតូ​ផ្ទាល់ខ្លួន​ទៅ​ពេទ្យ​ដោយ​ខ្លួនឯង។ ចំណែក​រថយន្ត​២​គ្រឿង ម៉ូតូ​មួយគ្រឿង​ត្រូវបាន​សមត្ថកិច្ច​វាស់វែង​រួច យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ស្នងការ​ក្រុងភ្នំពេញ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕​B/

#