រថយន្ត​កូរ៉េ​បុក​រ៉ឺម៉ក​ដឹក​អេតចាយ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​

213
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​ជិះ​រ៉ឺម៉ក​ដើរ​ទិញ​អេតចាយ ត្រូវបាន​រថយន្ត​ហ៊ីយ៉ាន់ដាយ​មួយ​តោន​កន្លះ​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​គាត់​រងរបួស​ធ្ងន់​ ត្រូវចំ​ដើមទ្រូង ក្រោយពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​តែ​កម្ម​អកុសល​ដល់​ពាក់ កណ្ដាលផ្លូវ​គាត់​បាន​ស្លាប់បាត់​បង់ជីវិត​ កាលពី​វេលា​ម៉ោង ២ និង ៤០​នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​សុក្រ ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ត្រង់ចំណុច​ខាងត្បូងស្ពាន​កំពង់ទួល ហៅស្ពាន​៧​មករា ​ប្រមាណ​២០ ម៉ែត្រ​ ស្ថិតនៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ វ៉ុល ថា អាយុ ៤០​ឆ្នាំ មុខរបរបើក​រ៉ឺម៉ក​ទិញ​អេតចាយ​។ រស់នៅ​ភូមិ ចំរើន​ផល ឃុំ​ពោធិ៍​​រៀល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។ ចំណែក​អ្នកបើករថយន្ត​បង្ក​មានឈ្មោះ វឿន ពៀក ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​បើករថយន្ត រស់នៅ​ភូមិ​ទាន​ព្រៃ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​វាស់វែង​យក​រថយន្ត និង​រ៉ឺម៉ក ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​។ ចំណែក​សាកសព ​សមត្ថ​កិច្ច​ធ្វើ​កំណត់ហេតុ​រួច ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅឯ​ស្រុកកំណើត​៕ ល​/Ha