រថយន្ត​ក្រឡុក​បេតុង​បើក​លឿន​ទៅ​បុក​រថយន្ត​ និង​បង្គោល​ភ្លេី​ង​ស្តុ​ប​ចរាចរណ៍​

335
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​ក្រឡុក​បេតុង​របស់​ក្រុមហ៊ុន ហូ​ម​ម៉ា​ស្ទ័​រ​គ្រុបមួយគ្រឿង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដោយ​ខ្វះការប្រុងប្រយ័ត្ន​ត្រង់ចំណុច​ផ្លូវបំបែក ក៏​ជ្រុល​ទៅបុក​រថយន្ត​កាមរី​គូទ​ស្វិត​មួយគ្រឿង​ទៀត​ដែល​បើក​ឆ្លងផ្លូវ រួច​ក៏​ជ្រុល​បន្តទៅ​បុក​នឹង​បង្គោល​ភ្លើងស្តុប​ចរាចរណ៍ ​បណ្ដាល​ឲ្យ​បាក់​អស់​មួយ​ដើម កាលពី​វេលា​ម៉ោង១​:​៤០​នាទី រំលងអធ្រាត្រឈានចូល​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ ​ត្រង់ចំណុចស្តុ​ប២៤​ម៉ោង ស្ថិតតាមបណ្ដោយផ្លូវហាណូយ​កែង​និង​ផ្លូវឧក​ញ៉ាម៉ុង​រិទ្ធី ក្នុងសង្កាត់ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានដឹងថា​ នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​ប្ដី​ប្រពន្ធ​មួយគូ​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាកកាមរី​ស្វិត ពណ៌​ស ពាក់​ផ្លាក​លេខភ្នំពេញ 2B-6453​ បើកតាម​បណ្ដោយ​ផ្លូវ​សម្ដេច​ជាស៊ីម ក្នុង​ទិសដៅ​ពី​លិចទៅ​កើត និង​ក្នុង​ល្បឿន​លឿន។ លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​ខាង​លេីក៏បាន​បើក​ឆ្លងកាត់​ផ្លូវ​ហាណូយ។ ខណៈពេលដែល​ភ្លើងស្តុប​លែង​ដំណើរការ​ស្របពេលនោះ​ដែរ ក៏​ស្រាប់​តែមាន​រថយន្ត​ក្រឡុក​បេតុង​មួយគ្រឿង​ទៀត​ម៉ាកហ្វ៊ុ​យ​ហ្សូ​ ពណ៌​ស របស់​ក្រុមហ៊ុន​ហូ​ម​ម៉ា​ស្ទ័​រ​គ្រុប ពាក់​ផ្លាកលេខ ភ្នំពេញ​5A-1348 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន តាម​បណ្ដោយ ផ្លូវ​ហាណូយ ក្នុង​ទិស​ពីត្បូង​ទៅ​ជើង ដោយខ្វះការ ប្រុងប្រយ័ត្ន រួច​ក៏​ជ្រុល​ទៅបុក​និង​រថយន្ត​កាមរី​ស្វិត​ខាងលើ ចំពាក់​កណ្តាលពេញ​ បណ្ដាល​ឲ្យ​រង​ការខូចខាត​ក្រពឹត​មួយ​ចំហៀង​ខាងស្ដាំ​យ៉ាងដំណំ និង​បណ្ដាល​ស្ត្រី​ដែលជា​ប្រពន្ធ​រួម​ដំណើរ​លើ​រថយន្ត​ខាងលើ​រងរបួស​បាក់ដង​កាំបិត​ខាងស្ដាំ​។ ប៉ុន្តែ​រថយន្ត​បង្ក​នៅ​មិនទាន់​អស់​ល្បឿន ​ក៏​បន្ត​ជ្រុល​ទៅខាង​មុខ​ទៅបុក​នឹង​បង្គោល​ភ្លើងស្តុប​ចរាចរណ៍​មួយ​ដើម​រួម​ជាមួយនឹង​បង្គោល​ស្លាក​លេខ​ផ្លូវ​មួយ​ដើម​ដែល​នៅ​លេី​ចិ​ញ្ចេី​ម​ផ្លូវ បណ្ដាល​ឲ្យ​បាក់​រាប​ដល់​ដី។ ចំណែកឯរថយន្ត​បង្ក​បាន​រង​ការខូចខាត​ក្រពឹត​ផ្នែក​ខាងមុខ។

ភ្លាមៗ​នោះ ក៏មាន​រថយន្ត​សង្គ្រោះបន្ទាន់​របស់​គ្លីនិក​ឯកជនសម្ភពពន្លឺ បានមកដឹក​ស្ត្រីជន​រងគ្រោះ​ទៅ​សង្គ្រោះ​ភ្លាមៗ។ បន្ទាប់មក​ក៏មាន​សមត្ថកិច្ច​មូលដ្ឋាន​ ដែល ប្រចាំការនៅ​គោលដៅនោះបាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ ដែលជា​អ្នកបើកបរ​រថយន្ត​បង្ក​ផងដែរ​។

​ក្រោយពេល​កើតហេតុ​ក៏មាន​សមត្ថកិច្ច​ជំនាញ​ បាន​ចុះ​វាស់វែង​យក​រថយន្ត​ទាំងពីរ​គ្រឿង​រួមទាំង​អ្នកបើកប​រថយន្ត​បង្កទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​ជា​បន្តទៀត​នៅពេល​ក្រោយ​៕​B/Ha