រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បើក​បុក​ម៉ូតូ​ពីក្រោយ ស្លាប់​បុរស​ម្នាក់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​

467
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​ត្រូវបាន​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បើក​បុក​ផ្តាច់​ជិវិត ខណៈពេល​កំពុងតែ​ជិះ​ម៉ូតូ​តែម្នាក់ឯង​។ ហេតុការណ៍​កើតឡើង កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៨ ស្ថិតនៅ​ចំនុច​ផ្លូវ​៥០​ម៉ែត្រ​កែង​ផ្លូវ​៦០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ព្រែ​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ​។​

​សព​បុរស​ខាងលើ​មានឈ្មោះ ណុប សុវណ្ណ​ឌី អាយុ​២២​ឆ្នាំ មុខរបរ​ជាង​ម៉ូតូ ស្នាក់នៅ​ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កែប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបាន​ដឺ​ក​យកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ​សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DH 3911 បើកបរ​ពី​ទិសដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយគ្រឿង ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3C 3607 ធ្វើដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​រុស្ស៊ី តែ​ជា​អកុសល​គ្រូពេទ្យ​បាន​ប្រាប់ថា ជនរងគ្រោះ​បាន​បែក​ថ្លើម​ស្លាប់​ទៅហើយ​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​ព្រូ​រថយន្ត​ម្នាក់​នៅ​កន្លែងកើតហេតុ​។​

​ចំណែក​រថយន្ត​និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ​៕ ល​