រថយន្ត​ដឹក​កម្មករ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់​

577
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​ដឹក​កម្មករ​រោងចក្រ​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤១​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧.១៨​ត្រង់ចំណុច​ភូមិ​ខ្លែង​ពណ៌​ខាងជើង​ឃុំ​ព្រៃ​ញាតិ​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ពី​ល្ងាច​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​សាក្សី​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​ពួកគាត់​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​2A9314​។​រថយន្ត​នេះ​ដឹក​កម្មករ​បើកបរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​។​លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ា​កវី​ស្តុ​ន​ពណ៌​ទឹកប៊ិច​គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ​មុយ​ចាន់ណា​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​ក្រាំង​ឃ្នង​ឃុំ​ព្រៃ​ញាតិ​គងពិសី​។​

​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ​ជួន​ម៉ៅ​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ក្នុងទិសដៅ​ស្របគ្នា​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​។​ចំណែក​អ្នកជិះ​ក្នុង​រថយន្ត​ឈ្មោះ​សេន​ស្រី​មិ​ត​ភេទ​ស្រី​អាយុ​៣១​ឆ្នាំ​មុខរបរ​កម្មករ​រស់នៅ​ភូមិ​ប្រវឹក​ពង​ឃុំ​ទឹកល្អក់​បោក​ក្បាល​នឹង​រថយន្ត​រងរបួស​ធ្ងន់​។​

​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​រត់​គេចខ្លួនបាត់​។​អ្នករងរបួស​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកមក​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ​ចំណែក​សព​ត្រូវបាន​ជំនាញ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​។​ចំពោះ​វត្ថុតាង​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​នគរបាល​ជំនាញ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/