រថយន្ត​ដឹក​គ្រឿងសំណង់​´​អេង​ទ្រី​´​លឿន​ជ្រុល​ចង្កូត​ក្រឡាប់​ស្លាប់​យុវជន​ម្នាក់

289
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែង ៖ ​រថយន្ត​កូរ៉េ​ដឹក​គ្រឿងសំណង់​ធុន​តូច​មួយគ្រឿង​បើក​លឿន​ជ្រុល​ចង្កូត​ក្រឡាប់​ជាច្រើន​ត្រឡប់ បណ្តាលឱ្យ​យុវជន​ម្នាក់​ស្លាប់ កៀប​សព ជាប់​នឹង​ទ្វារ​រថយន្ត​។​ករណីនេះ​កើតឡើង​លើ​កំណាត់​ផ្លូវ​ក្រួស​ក្រហម ខាងក្រោយ​ផ្សារ​អូរ​ប្ញ​ស្សី ស្ថិតក្នុង​ភូមិ​លើ​ សង្កាត់​ស្រះ​ប្ញ​ស្សី​ ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពី​ម៉ោងជាង​៤​ល្ងាច ថ្ងៃទី​២៤​ខែមិថុនា​ ​ឆ្នាំ​២០១៩​។​

​ប្រភពព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​បាន​ប្រាប់​ឱ្យដឹងថា ​ជនរងគ្រោះ​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នោះ​មានឈ្មោះ​ ថា​ន់ ​វណ្ណដា ​ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ ជា​កម្ម​ករលក់​គ្រឿងសំណង់​អេង​ទ្រី​។​ ជនរងគ្រោះ​មាន​ទីលំនៅ​ភូមិ​ខេ​សង្កាត់​សាមគ្គី​ ក្រុង​ស្ទឹងត្រែង​។ ​រីឯ​អ្នកបើកបរ​ម្នាក់ទៀត​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង​។​

​ប្រភព​បាន​បន្តថា ​នៅមុន​ពេល​កើតហេតុ ​រថយន្ត​កូរ៉េ​នេះ បាន​ដឹក​ឥដ្ឋ​និង​ស៊ីម៉ងត៍​ឯកជន​អេង​ទ្រី​ទៅ​ឱ្យទៅ​ម៉ូយ​។ ​លុះ​ពេល​ត្រឡប់មកវិញ​ក៏បាន​ធ្វើដំណើរ​តាមផ្លូវ​ក្រាល​ក្រួស​ក្រហម​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ ពេល​ដល់​កន្លែងកើតហេតុ វាក់​នឹង​ម៉ូតូ​មួយគ្រឿង​នៅ​ចំណុច​ផ្លូវបំបែក​។ ​រថយន្ត​ក៏​គេច​ជ្រុល​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​ក្រឡាប់​ជាច្រើន​ត្រឡប់​ហុយ​ដី​សំពោង ​បណ្តាលឱ្យ​អ្នក​អង្គុយ​ក្បែរ​តៃកុង​កៀប​ជាប់​ជាមួយ​ទ្វារ​ខ្ទេច​ក្បាល​ធ្លាយ​ខួរ​មើល​ពុំ​យល់​។​អ្នកបើកបរ​រថយន្ត​រងរបួស​ធ្ងន់​ត្រូវគេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​។​

​តាម​ការសន្និដ្ឋាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា រថយន្ត​កូរ៉េ​ធុន​តូច​នោះ ស្ថិតក្នុង​ល្បឿន​លឿន ​បង្កឡើង​ដោយ​អ្នកបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន ជួបនឹង​ហេតុការណ៍​អ្វីមួយ ទើប​គ្រោះថ្នាក់​បែបនេះ​៕B/Ha