រថយន្ត​ដឹក​ឆា​កអក​កេះ​ជាន់​ហ្វ្រាំង​មិន​ស៊ី​ ជ្រុល​បុក​រថយន្ត​ និង​ស្លាក​ខុន​ដូ​នៅ​ម្តុំ​កោះ​ពេជ្រ​

199
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​ ៖ ​រថយន្ត​ដឹក​ឆា​កអក​កេះ​មួយគ្រឿង​ចុះ​ពីលើ​ស្ពាន​កោះ​ពេជ្រ​ ជាន់​ហ្វ្រាំង​មិន​ស៊ី ​ក៏​រេ​ចង្កូត​ចូលទៅ​បុក​ស្លាក​ខុន​ដូ ហើយ​បន្ត​ទៅបុក​នឹង​រថយន្ត​មួយគ្រឿង​ទៀតរង​ការខូចខាត កាលពី​វេលា​ម៉ោង​១១​:​០៥​យប់ ថ្ងៃ​ចន្ទ ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​លេខ​៧៨ ត្រង់ចំណុច​មុខ​​ខុន​ដូ​Bali 2 ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​ដំបូង​ឡើយ​គេ​ឃើញ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស 2​តោន​កន្លះ​ពាក់​ផ្លាក​លេខ ភ្នំពេញ​3C.7469 ដែល​ដឹក​ឆា​កអក​កេះ​បើកបរ​ដោយ​បុរស​ម្នាក់​ចុះ​ពីលើ​ស្ពាន​ហង្ស​កោះ​ពេជ្រ តាម​បណ្ដោយ​ផ្លូវ​៧៨ ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​គួរសម ស្រាប់តែ​ដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​ជាន់​ហ្វ្រាំង​មិន​ស៊ី និង​មាន​រថយន្ត​និង​ម៉ូតូ​នៅខាងមុខ​ផង អ្នកបើកបរ​រថយន្ត​ក៏​បួង​ចង្កូត​ទៅ​ឆ្វេង​ដៃ ជ្រុល​ទៅបុក​ស្លាក​យីហោ​ខុន​ដូ​Bali2 ហើយ​បន្ត​ទៅបុក​រថយន្ត​Corolla ពណ៌​ស ពាក់​ផ្លាក​ភ្នំពេញ 2AI.0029 របស់​ជនជាតិ​ចិន​មួយគ្រឿង​ទៀត​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិន​បណ្តាលឲ្យ​នរណា​រងរបួស​ទេ​ គ្រាន់តែ​ខូចខាត​រថយន្ត និង​បាក់បែក​ផ្លាក​យីហោ​ខុន​ដូ​Bali2​តែប៉ុណ្ណោះ​។

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ចុះមក​ដល់​រ ួចហើយ​ភាគី​ទាំងអស់​ធ្វើការ​ចរចា​គ្នា​ដោយ​រថយន្ត​បង្ក​បាន​សង​សំណង​២០០​ដុល្លារ​ទៅ​ម្ចាស់​ខុន​ដូ និង ព្រមយក​រថយន្ត​ដែល​ខូចខាត​របស់​ជនជាតិ​ចិន​ទៅ​ជួសជុល​ដើម្បី​បញ្ចប់រឿង​៕​B/Ha