រថយន្ត​ដឹក​អាចម៍ដី​ហៀរ​ជ្រុះ​តាម​ថ្នល់​សិរី​កា មិន​ខ្វល់​ពី​ការគ្រោះ​ថ្នាក់​របស់​អ្នកដំណើរ​

371
ចែករម្លែក

ដោយ​:​សុ​ផានី​តា​/​កោះកុង ៖ ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ស្ទឹង​វែង ក្រុង​ខេ​ម​រភូមិន្ទ និង​អ្នកដំណើរ​ឆ្លងកាត់​ផ្លូវ​សិរី​កា កំពុង​ទទួលរង​ផលប៉ះពាល់ ព្រោះតែ​ក្រុម​រថយន្ត​ដឹក​ជ​ញ្ជូន​ដីភ្នំ​បើកបរ​ក្នុង​ល្បឿន​លឿន​ បណ្តាលឱ្យ​ជ្រុះ​អាចម៍ដី​តាមផ្លូវ​ពុំបាន​ចាក់ទឹក​លាង​សម្អាត​ ដែល​សកម្មភាព​នេះ​ហាក់​មិន​ខ្វល់​ពី​ការគ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើ​រ​ឆ្លងកាត់ និង​រស់នៅ​សងខាង​ថ្នល់​ក្បែរ​នោះ​។​

​ប្រជា​ពល​រស់​នៅតាម​បណ្តោយ​ផ្លូវ​សិរី​កា ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែ​ង ក្រុង​ខេមរ​ភូមិន្ទ ខេត្តកោះកុង បាន​ត្អូញត្អែរ​ពី​ការរង​ប៉ះពាល់​ផ្នែក​សុខភាព បរិស្ថាន និង​សុ​វ​តិ្ថ​ភាព​ធ្វើដំណើរ​តាម​ដងផ្លូវ​ទៅមក ដោយសារតែ​ក្រុម​ម្ចាស់​រថយន្ត​ដឹក​ជ​ញ្ចូ​ន​អាចម៍ដី បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​ធ្វើឱ្យ​ជ្រុះ​ហៀ​ររាយប៉ាយ​ពេញ​ថ្នល់ ដោយ​គ្មាន​បោស​លាង​សម្អាត​អ្វី​ឡើយ​ជាង​២​សប្តាហ៍​មកហើយ​។​

លោក ដាយ វ៉ុ​ន​មៀន និង​អ្នកស្រី ចែ ហ៊ាង ពលរដ្ឋ​ភូមិ​ស្ទឹង​វែង បានឱ្យដឹង​នៅ​ថ្ងៃទី​១ ខែសីហា ថា នៅពេល​ក្រុម​រថយន្ត​ដឹក​ដី​ឆ្លងកាត់​តាមផ្លូវ​មុខផ្ទះ​ម្តងៗ ធ្វើឱ្យ​ធូរ​លី​ដី​ហុយ​ហើរ​ចូល​ពេញ​ផ្ទះ​ពិបាក​ដកដង្ហើម និង​បរិ​ភាគ​អាហារ​។ គាប់​ជួន​រដូវ​នេះជា​រដូវវស្សា ពលរដ្ឋ​អ្នកដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​ងាយ​នឹង​រអិល​គ្រោះថ្នាក់ ប្រសិនបើ​ម្ចាស់​រថយន្ត​ដឹក​ដី​ទាំងនោះពុំ​អើពើ​ចាក់ទឹក​លាង​សម្អាត​ទេនោះ​។

​ក្រុម​ពលរដ្ឋ​បានបញ្ជាក់​ទៀតថា ក្រុម​ម្ចាស់​រថយន្ត​ដឹក​ដី គឺ​ដឹង​តែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ចង់​នរណាគ្រោះថ្នាក់​លំបាក​យ៉ាងម៉េច ពួកគេ​ធ្វើ​មិនដឹងមិនឮ​ទាល់តែសោះ​។ ផ្លូវ​សិរី​កា ជា​ផ្លូវ​មួយ​ដ៏​សំខាន់ សម្រាប់​ភ្ញៀវទេសចរ​បើកបរ​ឡាន​ម៉ូតូ​ទៅលេង​កម្សាន្ត​រមណីយ​ដ្ឋាន​​ព្រៃកោងកាង​ពាម​ក្រសោប​ទៀតផង​។

ពាក់ព័ន្ធ​នឹង​ការស្នើ​ឡើង​របស់​ប្រជាពលរដ្ឋ​កំពុង​រង​ប៉ះពាល់ លោក ឈេ​ង សុវណ្ណ​ដា អភិបាលក្រុង​ខេ​ម​រភូមិន្ទ បាន​អះអាងថា អាជ្ញាធរ​ក្រុង សង្កាត់ និង​ភូមិ​របស់លោក តែង​យកចិត្តទុកដាក់​ដោះស្រាយ​ជូន​ពលរដ្ឋ​មូលដ្ឋាន តាមរយៈ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​ដឹក​ដី​គ្រប់​ប្រភេទ​។ ប៉ុន្តែ​ទោះយ៉ាងណា មន្ទីរ​រ៉ែ និង​ថាមពល មាន​តួនាទី​ស្នូល​លើ​វិធានការ​ចំពោះ​ម្ចាស់​រថយន្ត​ដឹក​ជ​ញ្ចូ​ន​អាចម៍​ដែល​ធ្វើ​សកម្មភាព​ល្មើសច្បាប់​។​

​ដោយឡែក លោក បុិ​ច ស៊ី​យុន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកោះកុង បាន​លើកឡើងថា លោក​កំពុង​កោះហៅ ម្ចាស់​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​អាចម៍ដី ឈ្មោះ វ៉ុ​ក មក​មន្ទីរ​ ដើម្បី​ដាក់​កំ​ហិត​ឲ្យ​អនុវត្ត​ន៍ច្បាប់​ស្តីពី​ការដឹក​ជ​ញ្ជូន​រ៉ែ​សំណង់​គ្រប់​ប្រភេទ ដោយ​ចាំបាច់​បោស​លាង​សម្អាត​អាចម៍ដី​ធ្លាក់​រាយប៉ាយ​លើ​ថ្នល់​ចេញ ក្រោយ​ការដឹក​ជ​ញ្ជូន​រួចរាល់​។​

បើតាម​លោក ប៉ិ​ច ស៊ី​យុន អ្នកម៉ៅការ​គ្រប់គ្រង​ចាក់ដី​លើដី​ឡូ​តិ៍​មួយកន្លែង​ខាងលើនេះ សន្យាថានឹង​បោស​លាង​សម្អាត​ផ្លូវ​នៅពេល​បញ្ចប់​ការដឹក​ដី​រួចរាល់​។ ហើយ​ករណី​មិន​គោរព​ច្បាប់​បទដ្ឋាន នឹងរង​ការពិន័យ​ជា​ថវិកា និង​ដក​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​តែម្តង ព្រម​ទាំង​កត់ត្រា​ចូល​បញ្ជីខ្មៅ​របស់​ក្រសួង​រ៉ែ និង​ថាមពល​ដោយ​មិន​អនុញ្ញាត​ធ្វើ​សកម្មភាព​លើ​វិស័យ​ដឹក​ជ​ញ្ចូ​ន​រ៉ែ​ចំនួន​៣​ឆ្នាំ​។​

ទោះយ៉ាងណា កន្លងទៅ ប្រជាពលរដ្ឋលើកឡើងថា ចំណាត់ការ​របស់​អាជ្ញា​ធរ និង​មន្ទីរ​រ៉ែ និង​ថាមពល មាន​ប្រសិទ្ធភាព​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ និយាយ​រួម​១​សប្តាហ៍​ក្រោយ​ទៀត សកម្មភាពបង្ក​ផលប៉ះពាល់​ដល់​ពលរដ្ឋ ផ្លូវថ្នល់ និង​សោ​ភ័​ណ​ភាព​បរិស្ថាន​កើតមានឡើង​ដដែល​៕B/Ha