ដោយ:ម៉ារ៉ា/ភ្នំពេញ៖ បុរសម្នាក់ត្រូវរថយន្តធុនធំម៉ាកហុីយ៉ានដាយ បើកបុកពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូទៅលេងផ្ទះបងរបស់ខ្លួន។ ហេតុការដ៏រន្ធត់នេះកេីតកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះខាងលើមានឈ្មោះ ប៉ែន តុលា អាយុ ២៥ឆ្នាំ មុខរបរជាងប៉ះកង់ឡាន ស្នាក់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងមានស្រុកកំណេីត នៅភូមិពភ្លា ឃុំសង្ឃ័រ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ ស្វាយរៀង 1F-1790 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីកើតមកលិចក្នុងល្បឿនល្មម។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ប្រភេទដឹកទូកុងតឺន័រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-0247 បានធ្វើដំណើរបញ្ច្រាសទិសគ្នាក្នុងល្បឿនយ៉ាងលឿន និងបានវ៉ាជែងរថយន្តមួយគ្រឿងផ្សេងទៀត ជ្រុលទៅបុកម៉ូតូខាងលើចំពីមុខពេញទំហឹង បណ្ដាលឲ្យបុរសម្ចាស់ម៉ូតូដួលបោកក្បាលនិងថ្នល់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ចំណែកឯតៃកុងរថយន្តបង្កបានចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ ដោយឡែកសពជនរងគ្រោះប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណេីតតាមប្រពៃណី៕B/Ha