រថយន្ត​ធុន​ធ្ងន់​ត្រូវ​ផ្អាក​ចរាចរណ៍​តាម​បណ្តោយ​ផ្លូវ​គ្រួស​ក្រហម​ក្នុងភូមិ​សាស្ត្រ​ស្រុក​បូ​ទុម​សាគរ​

190
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: រដ្ឋបាល​ស្រុក​បូ​ទុម​សាគរ បានសម្រេច​ផ្អាក​ការធ្វើ​ចរាចរណ៍​ទៅមក​របស់​ក្រុម​ម្ចាស់​រថយន្ត​ធុន​ធ្ងន់​លើផ្លូវ​គ្រួស​ក្រហម​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​ឃុំ​ចំនួន​៣ ក្រោយ​ពិនិត្យ​មើលឃើញ​ពី​ការរង​ផល​ខូចខាត​យ៉ាងដំណំ​អំឡុង​រដូវវស្សា​ឆ្នាំ​២០១៩​នេះ​។​

​លោក ហាក់ ឡេង អភិបាលស្រុក​បូ​ទុម​សាគរ បាន​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២១ ខែកញ្ញា នេះ​ថា យោងតាម​ប្រសាសន៍​ណែនាំ​របស់​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ដើម្បី​រក្សា​គុណភាព​ផ្លូវ​គង់វង្ស​យូរអង្វែង ខណៈ​កំពុង​រង​ការខូចខាត​ដោយ​គ្រោះធម្មជាតិ និង​ការ​ចរាចរណ៍​ទៅមក​របស់​រថយន្ត​ធុន​ធ្ងន់ ដូច្នេះ​រដ្ឋបាល​ស្រុក​របស់លោក ត្រូវតែ​បិទ​ចរាចរណ៍​មិនឱ្យ​ក្រុម​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​បន្តដំណើរ​លើ បណ្តោយ​ផ្លូវ​គ្រួស​ក្រហម​ចាប់ពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មីទៀត​។​

​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​ដែល​អាជ្ញាធរ​បិទ​ចរាចរណ៍​មិនអោយ​រថយន្ត​ធុន​ធំ​ធ្វើដំណើរ រួមមាន​៖ ទី​១-​ផ្លូវ​ក្នុងភូមិ​ជី​មាល និង​ផ្លូវ​ក្នុង​អណ្តូងទឹក ទី​២-​ផ្លូវបំបែក​ចាប់ពី​ភូមិ​ជី​ត្រេះ​មក​ឃុំ​ថ្ម​ស និង​ទី​៣-​ផ្លូវ​ចេញពី​ឃុំ​ថ្ម​សមក​ឃុំ​តា​នូ​ន​។ ប្រសិនបើ​ក្រុម​ម្ចាស់​រថយន្ត​ទាំងនោះ​បន្តធ្វើ​ចរាចរណ៍​ទៀត​នោះ និង​ឃាត់​រថយន្ត​ទុក​រួច​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ដែលមាន​ស្រាប់​។​

​លោក ហាក់ ឡេង អភិបាលស្រុក​បូ​ទុម​សាគរ ជឿជាក់ថា ម្ចាស់​សហគ្រាស ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ និង​គ្រឿងសំណង់​គ្រប់​ប្រភេទ​ចូលរួម​សហការ​អនុវត្ត​តាម​ស្មារតី​រក្សា​ផ្លូវថ្នល់​សាធារណ​អោយបាន​គង់វង្ស​ល្អ ដើម្បី​បម្រើ​ប្រយោជន៍​រួមគ្នា មិន​បម្រើ​ចំពោះតែ​ក្រុម​ណា​ម្នាក់​នោះទេ​។​

​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​គមនាគមន៍​នេះដែរ លោក ក្រូច សីហា អភិបាលរង​ស្រុក​បូ​ទុម​សាគរ កំពុង​ដឹកនាំ​អាជ្ញាធរ និង​ក្រុមការងារ​ជំនាញការ​ស្ថាបនា​ស្ពាន​ថ្មី​សង់​ពី​ឈើ​១​កន្លែង បណ្តោយ​១២​ម៉ែត្រ និង​ទទឹង​៥​ម៉ែត្រ អោយ​រួចរាល់​នៅ​ថ្ងៃទី​២១ កញ្ញា តែម្តង នៅ​ចំណុច​អូរ​រអិល ស្ថិត​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ដែល​រង​ខូចខាត ព្រោះតែ​ទឹកជំនន់​រដូវវស្សា​ហូរ​បាក់​ស្ពាន​ចាស់​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ថ្មីៗ ដើម្បី​សម្រួល​ការលំបាក​ធ្វើ​ចរាចរណ៍​ទៅមក​របស់​ប្រជាពលរដ្ឋ​រដូវ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​។ កន្លងទៅ​អាជ្ញាធរ​ស្រុក ឃុំ ភូមិ ធ្លាប់​រួមគ្នា​ជួសជុល​ស្ពាន​ដែល​បាក់​ខាងលើ​ម្តង​រួចមកហើយ តែ​មិនអាច​ឈ្នះ​កម្លាំង​ចរន្ត​លំហូរ​ទឹកជំនន់​បានទេ ទើប​សម្រេច​សង់ស្ពាន​ថ្មី​ជំនួស​វិញ​។​

​ក្រៅពី​ការដោះស្រាយ​បញ្ហា​ផ្លូវ និង​ស្ពាន រង​ការខូចខាត លោក ហាក់ ឡេង អភិបាលស្រុក និង​លោក ក្រូច សីហា អភិបាលរង​ស្រុក​បូ​ទុម​សាគរ ឆ្លៀត​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ភូមិ និង​ឃុំ ក្នុង​គោលបំណង​ដឹង​ពី​បញ្ហា​ប្រឈម​កំពុង​កើតមាន និង​តម្រូវការ​ចង់បាន​រប​ស់​ប្រជាពលរដ្ឋ ក្រោយពី​ឡើងកាន់តំណែង​ជា​អ្នកគ្រប់គ្រង និង​ផ្តល់​សេវាសាធារណ​ក្នុងស្រុក កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩​។​

​អ្វីដែល​អភិបាលស្រុក​បូ​ទុម​សាគរ​ទទួលបាន​ជាការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ មានដូចជា​៖ កិច្ច​គាំពារ​បរិស្ថាន ការផ្តល់សេវា​សាធារណ​ផ្សេងៗ ប្រព័ន្ធ​ផ្លូវ​ស្ពាន​ធ្វើដំណើរ បញ្ហាដីធ្លី និង​សំណង់ ជាដើម​៕ ល​