រថយន្ត​ធំ​ពីរ​គ្រឿង​បុក​គ្នា​លើផ្លូវ​ជាតិ​លេខ​៤ ខ្ទេចខ្ទី​អស់​ តែ​គ្មាន​អ្នកស្លាប់​

225
ចែករម្លែក

ព្រះ​សីហ​នុ:​រថយន្ត​ធុន​ធំ​២​គ្រឿង បុក​ប៉ះគ្នា បណ្តាល​ឲ្យ​ខូចខាត​យ៉ាងដំណំ តែ​មិនមាន​មនុស្ស​រងគ្រោះ​ធ្ងន់ធ្ងរ​អ្វី​នោះទេ ។ ​ករណីនេះ​កើតឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ ១៥៤-១៥៥ ស្ថិតក្នុង​ភូមិ​អូរ​តា​ហយ ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់សិលា ខេត្ត​ព្រះសីហនុ​ កាលពី​ម៉ោង​១២:២០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ ។

​សមត្ថកិច្ច​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង រថយន្ត​ធំ​មួយគ្រឿង​ពាក់​ផ្លាក​លេខ ខ ម ៣.៨២៧៩(​រថយន្ត​ទី​១) មាន​ទិសដៅ ព្រះសីហនុ​-​ភ្នំពេញ បាន​បុក​ប៉ះ​ជាមួយ​រថយន្ត​ធំ​មួយគ្រឿង​ទៀត​គ្មាន​ផ្លាក​លេខ​(​រថយន្ត​ទី​២) បើកបរ​ដោយ​ឈ្មោះ មា​ជ បាន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ក្តី ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទិសដៅ​បញ្ច្រាស​គ្នា តែ​មិន​បណ្តាល​ឲ្យ​មនុស្ស​រងរបួស​អ្វី​ទេ ។

​ក្រោយពេល​កើតហេតុ​ អ្នកបើកបរ​រថយន្ត​ផ្លាកលេខ ខ ម បាន​រត់​គេចខ្លួនបាត់​។

​ក្រោយ​កើតហេតុ​ កម្លាំង​អាវុធហត្ថ ស្នាក់ការ​៤០២ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សិលា អន្តរាគមន៍​សម្រួល​ចរាចរណ៍ និង​ស្ទូច​រថយន្ត​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សិលា​ដោះស្រាយ​តាម​និតិ​វិធី ៕​Ha