ដោយ: បូកគោ / កំពត: យុវជនម្នាក់បានស្លាប់នៅនឹងកន្លែង បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ ដោយជិះម៉ូតូបុកជាមួយរថយន្តលើផ្លូវឡើងទៅកាន់រមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោ។ ករណីនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ផ្លូវកោងចំណុចគីឡូម៉ែត្រលេខ៩ ក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ។
លោកវរសេនីយ៍ត្រី ស៊ូ វណ្ណាត នាយផ្នែកនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តកំពត បានប្រាប់ឱ្យដឹងថា យុវជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះ ស៊ុន ពេជ្រ អាយុ ២២ឆ្នាំ មានទីលំនៅភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។
លោកនាយផ្នែកបានរៀបរាប់ថា កាលពីម៉ោង២ និង១៥នាទីរសៀលថ្ងៃទី១ ខែធ្នូ មានករណីគ្រោះថ្នាក់ចរាចរមួយនៅលើផ្លូវឡើងទៅរមណីដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោរវាងរថយន្ត និងម៉ូតូបណ្តាលឱ្យយុវជនម្នាក់បាត់បង់ជីវិតភ្លាមៗ។ មុនពេលកើតហេតុ មានរថយន្តម៉ាស្តាមួយគ្រឿងកំពុងបើកឡើងសំដៅទៅលើភ្នំបូកគោ។ លុះដល់ចំណុចផ្លូវកោង ស្រាប់តែមានម៉ូតូមួយគ្រឿងបើកចុះមកក្រោមក៏បុកគ្នាពេញទំហឹង បណ្តាលឱ្យអ្នកធ្វើដំណើរដោយម៉ូតូស្លាប់ភ្លាមៗតែម្តង៕ ល