រថយន្ត​បី​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​រង​ការខូចខាត​រថយន្ត តែ​គ្មាន​អ្នករងរបួស​

1085
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​បុក​បន្តកន្ទុយ​គ្នា​បី​តង់ បណ្ដាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​។ ​ហេតុការណ៍​នេះ កើតឡើង​កាល​វេលា​ម៉ោង ១១​និង​៣០​នាទី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភព​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បានឃើញ​រថយន្ត​បែន​កង​៦​ម៉ាក ម៉ាស់​ស្ដា ពណ៌​ខៀវ បើកបរ​ដោយ​បុរស់​ម្នាក់​មិនបាន​ស្គាល់​អត្តសញ្ញាណ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យឺតៗ ខណៈ​ផ្លូវ​កំពុង​ចង្អៀត​ហើយ ក្នុងពេល​នោះដែរ ក៏មាន​រថយន្ត​តួ​រី​ស​ម៉ាក សាំង​យ៉ុង​ពណ៌​សំបក​ឪឡឹក ពាក់​លេខ ភ្នំពេញ 2M 0402 បើកបរ​ដោយ​បុរស​ម្នាក់ មានឈ្មោះ វុទ្ធី ភេទ ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ បើកបរ​រថយន្តឈ្នួល​ពី កំពត​-​ភ្នំពេញ បើក​ពីក្រោយ​ស្របគ្នា​ក្នុង​ល្បឿន​យឺត​ដូចគ្នា ខណៈ​មកដល់ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​បែន​ដឹក​ខ្សាច់​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3B 7876 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​ហ្រាំ​ង​មិន​ជាប់ ក៏​ជ្រុល​ទៅបុក​រថយន្ត​តួ​រី​ស​ពេញទំហឹង រុញ​បន្ត​ទៅបុក​រថយន្ត​បែន​នៅខាងមុខ​ទៀត បណ្ដាល​ឲ្យ​រថយន្ត​តួ​រី​សរង​ការ​ខួច​ខាត​ស្ទើរតែ​ទាំងស្រុង រួច​តៃកុង​បើកទ្វា​រត់គេច​បាត់ស្រមោល ជា​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​អ្នកជិះ​ក្នុង​រថយន្ត​តួ​រី​ស និង​អ្នកបើកបរ​ទាំងអស់រ​ងរ​បួស​។

សូមបញ្ជាក់​ផងដែរ ស្ថិតនៅត្រង់​ចំណុចកើតហេតុ​នេះ កាល​វេលា​ម៉ោង​ប្រហែល​៧:00​ព្រឹក​ថ្ងៃ​ដដែល មាន​រថយន្ត​បែន​កង​៦ ដឹក​ដី​រេ​ចង្កូត​ធ្លាក់​ផ្លូវ​កៀប​ជាប់​របង​ថ្ម តែ​ក៏​មិនមាន​អ្នករងរបួស​នោះទេ ហើយ​មិនទាន់​យកចេញ​ផង​ក៏មាន​គ្រោះថ្នាក់​នេះ​បន្តទៀត​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង ដោយ​ពុំមាន​អ្នករងរបួស និង​មាន​តំណាង​រថយន្ត​មកឈរ​ដោះស្រាយ​នោះ សមត្ថកិច្ច​ទុក​ឲ្យ​ធ្វើការ​សម្របសម្រួល​គ្នា​នៅ​កន្លែងកើតហេតុ​សិន​៕ ល​