រថយន្ត​បី​គ្រឿង និង​ម៉ូតូ​មួយគ្រឿង​បុក​បន្ត​គ្នា ស្លាប់​ម្នាក់ របួសធ្ងន់​ពីរ​នាក់​

834
ចែករម្លែក

​ដោយៈ​គ្រញូង /
​បាត់ដំបងៈ ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង និង​ស្ត្រី​អ្នកបើកបរ​ម៉ូតូ របួសធ្ងន់ និង​អ្នកបើកបរ​រថយន្ត ហ្វ​រ​រ៉េ​ន​ន័​រ​ម្នាក់ទៀត ក៍រង​របួសធ្ងន់ ដោយសារ​គ្រោះ ថ្នាក់​ចរាចរ រវាង​រថយន្ត​បង្ក ម៉ាក​ហ៊ីយ៉ាន់ដាយ បុក​ម៉ូតូ​ពីក្រោយ ហើយ​ជ្រុល ទៅបុក​ជាមួយ រថយន្ត​ពីរ​គ្រឿង​ទៀត នៅ​រសៀល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨ នៅ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រាល ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​លោក​សោម រ៉ាវុធ មន្ត្រី​អាវុធហត្ថ ស្រុក​មោងឫស្សី បាន​ឳ្យ​ដឹងថា ស្ត្រី​ដែល​ស្លាប់ ឈ្មោះ ឌិន រ៉ានី អាយុ​២៥​ឆ្នាំ (​ជិះ​ខាងក្រោយ​ម៉ូតូ​) ឯ​ស្ត្រី​អ្នកបើកបរ​ម៉ូតូ របួសធ្ងន់ ឈ្មោះ​សាំ ចន្ថា អាយុ​៣៣​ឆ្នាំ​។ ទាំង​២​នាក់​នេះ រស់នៅ​ភូមិ​តា​ថុ​ន ឃុំ​ជ្រៃ ស្រុក​មោងឫស្សី និង​អ្នកបើកបរ​រថយន្ត ម៉ាក​ហ្វ​រ​រ៉េ​ន​ន័​រ របួសធ្ងន់ ឈ្មោះ​ខន វិត អាយុ​៤២​ឆ្នាំ នៅ​ភូមិ​គារ​៣ ឃុំ​គារ ស្រុក​មោងឫស្សី​។ ចំណែក​តៃកុង រថយន្ត​ធំ ២ គ្រឿង មិន​ស្គាល់ឈ្មោះ ក្រោយ​កើតហេតុ បាន​ទុក​រថយន្ត​ចោល ហើយ​រត់​គេចខ្លួនបាត់​។​

​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច ដែល​ចុះទៅ​វាស់វែង​ថា មុនដំបូង មាន​រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B8823 បាន​បើក​ទៅបុក​អ្នកជិះ​ម៉ូតូ​ពីរ​នាក់ ពីក្រោយ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី ២០១៦ ពាក់​ស្លាក​លេខ 1AB2016 បណ្តាល​ឳ្យ​ស្លាប់​ម្នាក់ ឈ្មោះ​ឌិន រ៉ានី​។ ឯ​ស្ត្រី​អ្នកបើកបរ​ម៉ូតូ របួសធ្ងន់​ឈ្មោះ សាំ ចន្ថា​។ ហើយ​រថយន្ត​នេះ បន្ត​ទៅបុក​ជាមួយ​រថយន្ត​តូច ម៉ាក​ហ្វ័​រ​រ៉េ​ន​ន័​រ ពណ៌​ស ពាក់​ស្លាក​លេខ 2E4461 បណ្តាល​ឳ្យ​របួស​តៃកុង ឈ្មោះ​ខន វិត ។ បន្ទាប់មក មាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ យីហោ អង្គរ​ខែ្មរ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3C6393 បាន​ជ្រុល​ទៅបុក​រថយន្ត​ហ៊ីយ៉ាន់ដាយ ពីក្រោយ​ថែមទៀត ហើយ​តៃកុង​ឡាន​ទាំងពីរ​នេះ បាន​ទុក​រថយន្ត​ចោល ហើយ​រត់​គេចខ្លួនបាត់​។​

​លោក​ឌឿ​ន សម្បត្តិ អធិការរង ស្រុក​មោងឫស្សី បាន​ឳ្យ​ដឹងថា សព​ស្ត្រី​ដែល​ស្លាប់ ប្រគល់​ឳ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។ ចំណែក​អ្នករបួសធ្ងន់ ២​នាក់ ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក​រថយន្ត​ទាំងបី គ្រឿង និង​ម៉ូតូ​មួយគ្រឿង ត្រូវ​ប៉ូលិស​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​ស្រុក ដើម្បី​សែ្វ​ង​រក​ម្ចាស់ ឳ្យ​ចូលខ្លួន មក​ដោះស្រាយ តាមផ្លូវ​ច្បាប់​៕V