រថយន្ត​បូម​ធូលី​ពីរ​គ្រឿង នឹង​ជួយ​សោភ័ណ​ភព​ក្រុង​កំពត​ឱ្យ​កាន់តែ​ប្រសើរឡើង​

478
ចែករម្លែក

ដោយ​: បូកគោ / កំពត​: តាមរយៈ​រថយន្ត​បូម​ធូលី​ពីរ​គ្រឿង​ដែល​ចំណាយ​ថវិកា​ដោយ​អភិបាលខេត្ត​សម្រាប់​សកម្មភាព​សម្អាត​អនាម័យ​នឹង​ជួយ​លើក​សោភ័ណភាព​ក្រុង​កំពត​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។ នេះ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​កាត់បន្ថយ​កម្លាំង​កម្មក​រ​ដែល​ទទួល​រ៉ាប់រង​លើ​ផ្នែក​បរិស្ថាន​បច្ចុប្បន្ន​ផងដែរ​។​

​នា​កិច្ចប្រជុំ​កាលពី​រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ ស្តីពី​អនាម័យ និង​សន្តិសុខសម្រាប់​ទទួល​ស្វាគមន៍​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក្នុង​ដំណើរ​ជួប​ជាមួយ​កម្មករ កម្មការិនី​នៅពេល​ខាងមុខ លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​ដើម្បី​ជួយ​ដល់​កម្លាំង​កម្មករ ព្រមទាំង ធ្វើឱ្យ​ប្រសើរឡើង​ថែមទៀត​នូវ​សោភ័ណភាព និង​អនាម័យ លោក​បាន​ចំណាយ​ថវិកា​ទិញ​រថយន្ត​បូម​ធូលី​ចំនួន​ពីរ​គ្រឿង​ដើម្បី​យកមកប្រើ​ប្រាស់​ក្នុងការ​សម្អាត​បរិស្ថាន​ក្រុង​កំពត​។ រថយន្ត​នោះ​នឹង​មកដល់​ឆាប់ៗ​នេះ តែ​មិនមែនជា​ប្រភេទ​ទំនើប​ទេ គឺ​រថយន្ត​ដែល​គេ​ធ្លាប់ប្រើ​ប្រាស់​រួច​។ នេះ​ជាការ​សាកល្បង​ដើម្បី​កាត់បន្ថយ​ពលកម្ម​របស់​ក្រុម​អ្នក​សម្អាត​កុំ​ឱ្យមាន​ភាពលំបាក​ធ្ងន់ធ្ងរ​ពេក​។

​លោក​អភិបាលខេត្ត​បាន​បន្តថា​ដោយឡែក​បណ្តា​ស្រុក​នានា​ក៏ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​អំ​ពី​បញ្ហា​អនាម័យ បរិស្ថាន​នេះដែរ ពោលគឺ​មិនត្រូវ​បណ្តែតបណ្តោយ​ឱ្យ​គំនរ​សំរាម​តាម​ដងផ្លូវ​សំខាន់ៗ​កើតមាន​ឡើយ​។ តាម​ការកត់សម្គាល់ នៅ​អម​សងខាង​ផ្លូវជាតិ​ក្នុងស្រុក​មួយចំនួន​កំពុងមាន​រូបភាព​បែប​អវិជ្ជមាន​ដោយ​ការចាក់សំរាម​ពាសវាល​ពាសកាល​គួរឱ្យ​ទើសភ្នែក​បំផុត​។ ក្រៅពី​រថយន្ត​បូម​ធូលី​ទាំងពីរ​គ្រឿង លោក​ជាវ តា​យ​បាន​បង្ហើប​ឱ្យដឹងទៀតថា​លោក​បាន​ទិញ​គ្រឿងចក្រ ចំនួន​បួន​គ្រឿង​តម្លៃ​ប្រហែល​៤០​ម៉ឺន​ដុល្លារ​ដើម្បី​សាកល្បង​ការងា​កងវិស្វកម្ម​ពិសេស​ក្នុង​សកម្មភាព​ជួសជុល និង​ស្ថាបនា​ផ្លូវ ដោយ​មួយ​ក្រុង​ស្រុក​អនុវត្ត​លើ​ប្រវែង​៥០​គីឡូម៉ែត្រ​។ នេះ​ជា​ការជួយ​សម្រាល​កិច្ចការ​ហេដ្ឋារចនាសម្ព័ន្ធ ព្រោះ​បើ​រង់ចាំ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ដែល​ទទួលបន្ទុក​ប្រវែង​ផ្លូវ​៣.០០០​គីឡូម៉ែត្រ នៅ​ទូទាំង​ខេត្ត​នោះ​មិនដឹងថា ពេលណា​ទើប​រួចរាល់​ទេ​។ កងវិស្វកម្ម​ពិសេស​នឹង​បើក​ការដ្ឋាន​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩ ដោយ​ចាប់ផ្តើម​ពី​ស្រុក​ឈូក​មុនគេ​៕ ល​