រថយន្ត​បើក​កៀ​រម៉ូតូ​ធ្លាក់​ផ្លូវ​ដួល​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ ​និង​រងរបួស​ម្នាក់

297
ចែករម្លែក

ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​ ៖ ​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​ដឹក​ស៊ី​ទែន​សាំង​បើក​កៀ​រ​ម៉ូតូ​ធ្លាក់​ផ្លូវ​ដួល​ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ និង​រងរបួស​ម្នាក់​។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមេសា ឆ្នាំ២០១៩ នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ៧៨-៧៩ ត្រង់ចំណុច​ភូមិ​ត្រពាំង​ស្តុក​គ្រួរ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

សាក្សី​ក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កើត​ហេ​តុ​ ពួកគាត់​ឃើញ រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក ដឹក​ស៊ីទែន​សាំង អ្នកបើកបរមិន​ស្គាល់ឈ្មោះ បើកបរ​ពី​កើ​តទៅ​លិច។ លុះ​បើក​មកដល់​ចំណុច​ខាងលើ​ បាន​កៀរម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី ២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DG.5264 បើកបរ​ដោយ​ឈ្មោះ ធូ ធា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច និង​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ ជី សារ ភេទ​ស្រី អាយុ​៤១ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា ដែល​កំពុងបើកបរ​ស្រប​ទិស​គ្នាធ្លាក់​ផ្លូវ​ដួល​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​របួសស្រាល​និង​អ្នកជិះ​ពីក្រោយ​បាក់កស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​។​

ប្រភព​បន្តថា ​ក្រោយពី​កើតហេតុ​ អ្នកបើករថយន្ត​បង្ក​បានបន្ថែម​ល្បឿន​រត់​គេចខ្លួនបាត់​។​ចំណែកអ្នករងរបួស​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ សព​ស្ត្រី​ខាងលើបានប្រគល់ជូន​សាច់ញាតិយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ​ចំពោះ​វត្ថុតាង​យកមក​រក្សា​ទុកនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕​B/Ha