រថយន្ត​បើក​ដោយ​ស្វ័យប្រវត្តិ​កំពុង​សាកល្បង​លើ​ដងផ្លូវ​នៅ​តំបន់​ថ្មី​ស័ង​អាន ប្រទេស​ចិន​

1120
ចែករម្លែក

​នេះ​គឺជា​ចំណាត់ការ​មួយ​ផ្សេងទៀត​ក្នុងការ​កសាង​ទីក្រុង​នាពេល​អនាគត​។ រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​ជាច្រើន​គ្រឿង​កំពុង​ត្រូវបាន​សាកល្បង​ធ្វើ​ចរាចរណ៍​លើផ្លូវ​ថ្នល់​ជាក់ស្តែង​នៅក្នុង​តំបន់​ថ្មី​ស័ង​អាន (Xiongan New Area) ជាទី​ក្រុង​ថ្មី​មួយ​ដែល​ចិន​កំពុង​សាងសង់​នៅ​ភាគខាងត្បូង​ទីក្រុង​ប៉េកាំង​។ ក្រុម​ទីមួយ​នៃ​រថយន្ត​ស្វ័យប្រវត្តិ​កែច្នៃ​ទាំងនេះ​គឺ​មកពី​ក្រុមហ៊ុន Apollo ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ឈានមុខ​របស់​ចិន Baidu​។​

​ដោយមាន​ជំនួយ​ពី​រ៉ា​ដា​ឡាស៊ែរ និង​កាមេរ៉ា​ព្រមទាំង​ឧបករណ៍​ចាប់​សញ្ញា​ជាច្រើន​ទៀត​នោះ រថយន្ត​ស្វ័យប្រវត្តិ​អាច​ដឹង​អំពី​បរិយាកាស​ជុំវិញ និង​ឆ្លើយតបបាន​យ៉ាង​ត្រឹមត្រូវ​។​

​ការសាកល្បង​នេះ​ធ្វើឡើង​នៅក្នុង​មជ្ឈមណ្ឌល​សេវាកម្ម​ប្រជាពលរដ្ឋ ដែលជា​អគារ​ថ្មី​សម្រាប់​ក្រុមហ៊ុន​នានា​ដែល​ផ្លាស់​ទីតាំង​មកកាន់​ទីក្រុង​នេះ​។ អ្នកបើកបរ​អង្គុយ​នៅ​ពីក្រោយ ដើម្បី​ត្រៀមខ្លួន​ចូល​គ្រប់គ្រង​រថយន្ត​សម្រាប់​ជា​វិធានការ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​មិន​ប្រក្រតី​ដែល​អាច​កើតឡើង​ដោយ​ចៃដន្យ​។​

​ស័ង​អាន​កំពុង​ព្យាយាម​កសាង​ទីក្រុង​នាពេល​អនាគត និង​ជា​ជម្រក​នៃ​បណ្តា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។ ដោយ​ចាប់ផ្តើម​តាំងពី​បាតដៃ​ទទេ ពួក​អ្នករៀបចំ​ផែនការ​ទីក្រុង​នេះ​បាន​ណែនាំ​អំពី​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បន្ថែមទៀត​នៅក្នុង​បច្ចេកវិជ្ជា ដែល​ទាក់ទាញ​ក្រុមហ៊ុន​ជាច្រើន​មក​បង្កើត​សាខា​នៅទីនេះ​។​

​លោក សាង គូ​ពី​ន អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុម​អ្នកបើកបរ​យានយន្ត​ឆ្លាត​របស់​ក្រុមហ៊ុន Baidu បាន​និយាយថា “​ការរៀបចំ​ផែនការ​ទីក្រុង​នេះ​បានជ្រើសរើស​យក​ការ​រចនា​ជាច្រើន​សម្រាប់​បច្ចេកវិជ្ជា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​។ ជាក់ស្តែង ប្រព័ន្ធ Vehicle to Everything និង 5G នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន អាចជួយ​យើង​អភិវឌ្ឍ​នូវ​ខ្សែចង្វាក់​បច្ចេកវិជ្ជា​ថ្មី​មួយ​”​។​

​រហូតមកទល់​ឥឡូវនេះ មាន​ក្រុមហ៊ុន​ជាង ១០០ បាន​ចូលរួម​ក្នុង​វេទិកា​យានយន្ត​បើក​ដោយ​ស្វ័យប្រវត្តិ​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត​បើក​ដោយ​ស្វ័យប្រវត្តិ​កំពុង​សាកល្បង​លើផ្លូវ​ថ្នល់​នៅ​ទីក្រុង​ថ្មី ស័ង​អាន