រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​បីនាក់​រងរបួស​ធ្ងន់​ម្នាក់​នៅ​ស្រុក​ភ្នំស្រួច​

583
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​យ៉ាងហោចណាស់​មនុស្ស​បីនាក់​បាន​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​បុក​ជាមួយ​ម៉ូតូ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៦០.៦១​ស្ថិតនៅ​ចំណុច​ភូមិ​ត្រពាំង​ក្រឡាញ់​ឃុំ​មហា​សាំង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​លុច​ស៊ី​ស​RX300​ពណ៍​ទឹកមាស​ពាក់​ស្លាក​លេខ​ព្រះសីហនុ​2A56596​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​និង​អ្នករួមដំណើរ​ជាមួយ​។ ១.​ឈ្មោះ​សូ​រតនា​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ខ្លុង​ឃុំ​ដំបូក​រូង​និង​២​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​ដែល​បើកបរ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។​

​លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1G6663​អ្នកបើកបរ​ឈ្មោះ​កែវ​នេត្រា​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​រស់​ភូមិ​ត្រពាំង​ក្រឡាញ់​ឃំ​ុ​មហា​សាំង​ដែល​កំពុងបើក​បត់​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​និង​អ្នកជិះ​ក្នុង​រថយន្ត​ស្លាប់​ពីរ​នាក់​របួសធ្ងន់​ម្នាក់​។​

​ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់​។​អ្នករងរបួស​ត្រូវបាន​រថយន្ត​ស​ង្រោះ​ពេទ្យ​យោធា​ACO​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​។​ចំពោះ​ម៉ូតូ​នឹង​រថយន្ត​ទាំងពីរ​គ្រឿង​ត្រូវបាន​នគរបាល​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​

#