រថយន្ត​បែន​ដឹក​ខ្សាច់​ក្រឡាប់​ធ្លាក់ចូល​ប្រឡាយ សំណាងល្អ​គ្មាន​អ្នករងរបួស​​ដោយសារ​កណី​នេះឡើយ​

919
ចែករម្លែក

​ភ្នំពេញ​៖ ​រថយន្ត​បែន​ធុន​ធំ​១​គ្រឿង ខណៈ​កំពុង​បើកបរ​តាមផ្លូវ​ខ្នង​ប្រឡាយ​សុខៗ ស្រាប់តែ​ស្រុត​បាក់​ដី​មាត់​ប្រឡាយ​បណ្ដាល​ឲ្យ ក្រឡាប់​ធ្លាក់​ចូលក្នុង​ទឹក​ប្រឡាយ ផ្ងារ​កង់​ឡើងលើ​តែម្តង សំណាងល្អ​គ្នាន​អ្នករងរបួស​។ ហេតុការណ៍​ខាងលើនេះ បាន​បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧​នេះ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​មន្ត្រីនគរបាល​ដែល​ចុះទៅ​កាន់​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​ក្រឡាប់​ខាងលើ​ជា​ប្រភេទ រថយន្ត​បែន ដឹក​ខ្សាច់​ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-9766 ហើយ​អ្នកបើកបរ​មិនត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ឡើយ តែ​មិន​ទទួលរង​របួស​នោះទេ ចំណែក​រថយន្ត​ទទួលរង​ការខូចខាត​ខ្លះៗ​តេ​ប៉ុណ្ណោះ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង ប្រភេទ​រថយន្ត​បែន​ធ្វើដំណើរ​ក្នុង ទិសដៅ​ពី​លិចទៅ​កើត ដោយមាន​ដឹក​ខ្សាច់​ពេញ​ក្នុង​ទ្រុង​ផងដែរ ខណៈនោះ​ផ្លូវ​ខាងលើ​និង​រថយន្ត​មាន​ទំហំ​ស្ទើរតែ​ប៉ុនគ្នា ហើយ​សង្ស័យថា ផ្លូវ​ទើប​ចាក់ដី​ថ្មី​ថែម​ទៀតផង លុះ​ពេលទៅដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ ក៏​បា​ក់ដី​មាត់​ប្រឡាយ​បណ្ដាល​ឲ្យ​រថយន្ត ក្រឡាប់​ធ្លាក់ចូល​ទៅក្នុង​ប្រឡាយទឹក​តែម្ដង​។​

​ក្រោយពេល​កើតហេតុ ម្ចាស់​រថយន្ត​បាន​ហៅ​រថយន្តស្ទូច ទៅ​ស្ទូច​យក​រថយន្ត​របស់ខ្លួន​ចេញពី​ក្នុង​ទឹក​យកទៅ​ជួសជុល ឡើងវិញ​ដោយ​ខ្លួនឯង​៕ ដោយ​៖ ម៉េង​សែ​

រថយន្ត​បែន​ដឹក​ខ្សាច់​ក្រឡាប់​ធ្លាក់ចូល​ប្រឡាយ សំណាងល្អ​គ្មាន​អ្នករងរបួស​បួស​ដោយសារ​កណី​នេះឡើយ​ (រូប៖ ម៉េងសែ)