រថយន្ត​បែន​ដឹក​ដី​ជាប់​ហ្វ្រាំង​ផ្ទុះ​កង់​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ខណ្ឌដង្កោ

1052
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​បែន​ដឹក​ដី​ធុន​ធំ​មួយគ្រឿង ជាប់​ហ្វ្រាំង​ផ្ទុះ​ឆេះ​កង់​យ៉ាង​សន្ធោសន្ធៅ បង្ក​ជា​អណ្តាតភ្លើង និង​ផ្សែង​យ៉ាង​ខ្មួលខ្មាញ់ បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកធ្វើ​ដំណើរ​តាម​ដងផ្លូវ ត្រូវបាន​កម្លាំងចម្រុះរ​បស់​ខណ្ឌដង្កោ បានចេញ​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាមៗ​តែម្តង​។ ម៉ោង​៣​និង​៤៥​នាទី រសៀល​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្លូវ​២១៧ មុខ​នឹង​សាលា​មី​គី​វ៉េ បត់​ចូលមក​ផ្លូវ​បេតុង​បឹង​តា​ម៉ា​ត ស្ថិតក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​តាម​អ្នកបើក​បរបាន​ប្រាប់ ឲ្យ​ដឹងថា គាត់​បាន​បើករថយន្ត​បែន​ដឹក​ដី ពណ៌​ស ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-5952 មួយគ្រឿង​នេះ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុង​បំណង​ដឹក​ដី​មកពី​ខេត្តកណ្តាល យកមក​ចាក់​នៅ​រណ្តៅ​ដី​បឹង​តា​ម៉ា​ត លុះដល់​ចំណុចកើតហេតុ បម្រុង​នឹង​បត់​ស្តាំ​ដៃ​ទៅហើយ ស្រាប់តែ​រថយន្ត​ជាប់​ហ្វ្រាំង ហើយ​ផ្ទុះ​កង់ លុះ​អើតមើល​ពីលើ​រថយន្ត​ស្រាប់តែ​ឃើញ​ផ្សែង​ហ៊ុយ​យ៉ាង​សន្ធោសន្ធៅ​តែម្តង ទើប​ប្រញាប់​លោត​ចុះ​ពីលើ​រថយន្ត និង​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ និង​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​។

​ភ្លាមៗ​នោះដែរ គេ​ឃើញ​កងកម្លាំង​ចម្រុះ​របស់​ខណ្ឌដង្កោ ជាច្រើន​នាក់ បាន​ចុះមក​អន្តរាគមន៍ និង​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សាលាខណ្ឌ​ដង្កោ ចំនួន​២​គ្រឿង​បាន​ចុះមក​អន្តរាគមន៍ ដោយបាន​បាញ់​ពន្លត់​អស់​ទឹក​១​គ្រឿង ទើប​រលត់ទៅវិញ​ជា​ស្ថាពរ និង​មិន​បណ្តាល​ឲ្យ​នរណាម្នាក់​រងរបួស​នោះទេ​។

​ក្រោយ​ពន្លត់​ឲ្យ​រលត់ទៅវិញ​ជា​ស្ថាពរ​ហើយ​នោះ ដោយសារតែ​ករណីនេះ​បង្កឡើង​ដោយ​ខ្លួនឯង មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ​និង​ប្រជាពលរដ្ឋ​នោះ ទើប​សមត្ថកិច្ច​ឲ្យ​ម្ចាស់​រថយន្តស្ទូច យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕ ល​