រថយន្ត​បែន​ដឹក​ដី​បុក​ម៉ូតូ​ជិះ​ឆ្លងផ្លូវ​កិន​មនុស្ស​អូស​ជាង​១០​ម៉ែត្រ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​

1240
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងផ្លូវ ត្រូវ​រថយន្ត​បែន​ដឹក​ដី បុក​កិន​ជាប់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​យ៉ាង​អាណោច​អ​ធ័​ម​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​កាល​វេលា​ម៉ោង ១៦​និង​៤០​នាទី ល្ងាច​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ច្រកចូល​បុរី​ភព​ថ្មី តាម​បណ្ដោយ​ផ្លូវ ២១៧ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ ឯក សឿន អាយុ​៥៨​ឆ្នាំ មុខរបរ​នៅផ្ទះ បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត ភូមិ អូរ​កន្តិល ឃុំ រកា​ក្នុង ស្រុក​ដូន​កែវ ខេត្តតាកែវ​។​

​តាម​ប្រភព​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បានឃើញ​រថយន្ត​បែន​ដឹក​ដី​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ កណ្ដាល 3A 0914 បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្ដោយ​ផ្លូវ​២១៧ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក TODAY ពណ៌ ផ្កាឈូក​ពាក់​ស្លាក​លេខ រតនៈគីរី 1E 2414 ជិះ​ម្នាក់ឯង ទិសដៅ​បញ្ច្រាសទិស​គ្នា បត់​ឆ្លងផ្លូវ​ចូលក្នុង​បុរី បណ្ដាល​ឲ្យ​ម៉ូតូ​ដួល​កិន​មនុស្ស​ជាប់​ក្រោម​កង់​រថយន្ត​អូស​ប្រហែល​១៥​ម៉ែត្រ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​យ៉ាង​អាណោចអាធ័ម​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បានមក​ដល់​ធ្វើការ​វាស់វែង​រួច យក​រថយន្ត​បង្ក​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ចំណែក​សព​រងគ្រោះ​កោសល្យ​ពិច័យ​រួច ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុកកំណើត​៕ ល​

#