រថយន្ត​បែន​បើក​បុក​កៀរ​ម៉ូតូ​ស្រប​ទិស របួសធ្ងន់​ស្រាល​២​នាក់​

272
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ បុរស​២​នាក់​រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​រថយន្ត​បែន​ដឹក​ថ្ម បើក​បុក​កៀរ​ម៉ូតូ​សេ​១២៥ កាលពី​វេលា​ម៉ោង​១២​និង​៣៥​នាទី​រសៀល ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៩ ស្ថិតនៅ​មហាវិថី​ឈ្នះ ឈ្នះ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ។​

​តាម​ប្រភព​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ បុរស​២​នាក់ ជា​កម្មករសំណង់ ជិះ​ម៉ូតូ សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BK-2302 ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​បែន​ដឹក​ថ្ម​មួយគ្រឿង​មិន​ចាំ​ម៉ាក ស្លាក​លេខ បើក​ស្រប​ទិស មក​បុក​កៀរ​ពីក្រោយ កិន​ដាច់​កន្ទុយ​ម៉ូតូ រងរបួស​ធ្ងន់​ម្នាក់ បាក់ជើង​ឆ្វេង ម្នាក់ទៀត​រងរបួស​ស្រាល។ ភ្លាមៗ​រថយន្ត​បង្ក​បន្ថែម​ល្បឿន​រត់គេច​បាត់ បន្សល់ទុក​ជនរងគ្រោះ​ម្នាក់​បាក់ជើង​ឆ្វេង ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹកបញ្ជូន​មន្ទីរពេទ្យ​ព្រះកុសុមៈ។ ចំណែក​ម៉ូតូ សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ចោមចៅ​៣៕B/