រថយន្ត​ប៉ះ​ម៉ូតូ​រួច​បន្ត​បុក​រ៉ឺម៉ក​ម៉ូតូ បណ្តាលឱ្យ​ស្លាប់​ម្នាក់​របួស​ធ្ងន់​បីនាក់​

988
ចែករម្លែក

​ដោយ​: បូកគោ / កំពត​: រថយន្ត​ហាយ​ឡែ​ន​ដឺ​បាន​ប៉ះ​ជាមួយ​ម៉ូតូ​មួយគ្រឿង រួច​បន្ត​បុក​ចំ​រ៉ឺម៉ក​ម៉ូតូ​មួយគ្រឿង​ទៀត បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ ចំណែក​បីនាក់​រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ត្រ​សេក​កោង ឃុំ​ថ្មី ស្រុក​ទឹកឈូ​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​បុរស​ដែល​បាត់​បង់ជីវិត​ឈ្មោះ​ងិន តុង អាយុ ៥៧​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ ចំណែក​អ្នករងរបួស​ទាំងបី រួមមាន ១.​ឈ្មោះ​ទេព សាំង ភេទ​ប្រុស អាយុ ៧០ ឆ្នាំ​, ២.​ឈ្មោះ​មាស រ៉ា ភេទ​ស្រី អាយុ ៦៥​ឆ្នាំ​។ ទាំងពីរ​នាក់​ជា​ប្តី​ប្រពន្ធ រស់នៅ​ភូមិ​ទឹក​ក្រហម ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត​។ ៣. ឈ្មោះ​ព្រី សុខ​លីន ភេទ​ស្រី អាយុ ៥៤​ឆ្នាំ រស់នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពត​ចាម​។ ប្រភព​ដដែល​បាន​រៀបរាប់ថា​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ដឺ​មួយគ្រឿង​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ ស្របពេលនោះ​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​នៅខាងមុខ​ជិះ​គ្នា​ពីរ​នាក់​បម្រុង​បត់​ចុះទៅ​ទិស​ខាងត្បូង​ក៏ត្រូវ​រថយន្តបុក​ប៉ះ​បណ្តាលឱ្យ​ដួល​តែម្តង​។ ព្រោះតែ​នៅមាន​ល្បឿ​ង​លឿន រថយន្ត​បាន​ជ្រុល​បន្ត​បុក​រ៉ឺម៉ក​ម៉ូតូ​មួយគ្រឿង​ដែល​មក​បញ្ច្រាសទិស​គ្នា​លាន់ឮ​គួរឱ្យខ្លាច​។​

​មន្ត្រីនគរបាល​ដដែល​បាន​បញ្ជាក់ថា​ភ្លាមៗ អ្នកបើកបរ​បាន​រត់​គេច​បាត់​ដោយ​បន្សល់​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AL- 5918 ទុក​នៅក្បែរ​កន្លែង​គ្រោះថ្នាក់​។ លុះ​អ្នកជិតខាង​ចូលទៅ​ជួយ ស្រាប់តែ​ឃើញ​បុរស និង​ស្ត្រី​ដែល​ជិះ​ម៉ូតូឌុប គ្នា​រងរបួស​ធ្ងន់ ហើយ​អ្នកបើក​ម៉ូតូ​រ៉ឺម៉ក ព្រមទាំង​ស្ត្រី​ធ្វើដំណើរ​ជាមួយ​រងរបួស​ធ្ងន់ធ្ង​រ​ដូចគ្នា ទើប​ប្រញាប់ប្រញាល់​ហៅ​រថយន្ត​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​។ ប៉ុន្តែ​ជា​អកុសល បុរស​ជា​អ្នកបើក​ម៉ូតូ​រ៉ឺម៉ក​បាន​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ព្រោះតែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​។ សមត្ថកិច្ច​ក៏បាន​ប្រាប់ឱ្យដឹង​ផងដែរ​ថា​ទោះជា​រត់គេចខ្លួន​ក្តី តែ​អ្នកបើកបរ​រថយន្ត​ត្រូវបាន​គេ​ស្គាល់ គឺ​ឈ្មោះ ឈ ចាន់​រ័ត្ន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជា​អ្នករស់នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៕ ល​