រថយន្ត​ប្រណិតៗ​ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​ទីក្រុង​ដេ​ត្រ​យ​ប្រចាំឆ្នាំ ២០១៨

527

​ក្រុមហ៊ុន Lexus បានបង្ហាញ​ភាពលេច​ធ្លោ​ខ្លាំង​នៅ​ពិព័រណ៍​រថយន្ត​លើកដំបូង​ប្រចាំ​ឆ្នាំនេះ​ក្នុង​ទីក្រុង​ដេ​ត្រ​យ សហរដ្ឋអាមេរិក ជាមួយ​គូប្រជែង​សក្តានុពល​រួមមាន​ដូចជា រថយន្ត Range Rover និង​រថយន្ត​ដទៃទៀត​ជាច្រើន​។

១. រថយន្ត Lexus LF1 Limitless
​ក្រុមហ៊ុន Lexus សង្ឃឹមថានឹង​កើប​ប្រាក់ចំណូល​បាន​ច្រើន​នៅក្នុង​ទីផ្សារ​រថយន្ត​ប្រភេទ SUV ដែល​កំពុង​លូតលាស់​ខ្លាំង ជាមួយនឹង​ប្រភេទ​រថយន្ត​ស៊េរី RX របស់ខ្លួន​។ រថយន្ត​គំរូ LF1 Limitless រចនា​ឡើង​យ៉ាង​ស្អាត​នេះ ត្រូវបាន​គេ​និយាយថា​អាច​នឹង​បំពាក់​អាគុយ​ឥន្ធនៈ​កូនកាត់ ឬ ប្រើ​ថាមពល​ថ្ម​ទាំងស្រុង​។ ក្រុមអ្នកវិភាគ​ជឿជាក់ថា​មានឱកាស​ខ្ពស់​ដែល Lexus កំពុង​ស៊ើប​មើល​តាម​គូប្រជែង​របស់ខ្លួន គឺ រថយន្ត BMW X6 និង Range Rover Velar​។​

២. រថយន្ត Infiniti Q Inspiration
​រថយន្ត​ម៉ាក​ថ្មី​របស់​ក្រុមហ៊ុន Nissan នេះ បានបង្ហាញ​ពី​ភាពទាន់សម័យ​ទំនើប ដែល​រួមបញ្ចូល​លក្ខណៈពិសេស​ជាច្រើន ដូចជា បច្ចេកវិជ្ជា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​កម្រិត​ថ្មី ភាសា​សម្រាប់​បញ្ជា​ថ្មី ម៉ាស៊ីន Turbo និង​ផ្ទៃ​ខាងក្នុង​រចនា​ឡើង​យ៉ាង​ប្រណិត​។ រថយន្ត​នេះ Q Inspiration គឺ​សម្រាប់​ឆ្លើយតប​ទៅនឹង​រថយន្ត​គូប្រជែង​ដូចជា រថយន្ត Audi A5 Sportback និង រថយន្ត Gran Coupe របស់ BMW​។

៣. រថយន្ត Acura RDX
​ទោះបីជា​វា​នៅ​ជា​ម៉ូ​ដែល​គំរូ​មួយ​ក៏ដោយ ក៏ប៉ុន្តែ​រថយន្ត RDX ស្ទើរតែ​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ប្រជែង​ជាមួយ​រថយន្ត​ដូចជា Lexus NX ។ រថយន្ត​ខ្នាត​មធ្យម​ប្រភេទ SUV របស់​ក្រុមហ៊ុន Acura ភ្ជាប់​មកជា​មួយ​ម៉ាស៊ីន 2.0-litre Petrol-Turbo និង​មាន​ល្បឿន​ស្វ័យប្រវត្តិ ១០ លេខ​។

៤. រថយន្ត Nissan Xmotion
​ក្រុមហ៊ុន Nissan មាន​ប្រភេទ​រថយន្ត SUV ច្រើន​ម៉ាក​កំពុង​លក់​លើ​ទីផ្សារ​ពិភពលោក​បច្ចុប្បន្ន ប៉ុន្ដែ​វា​មិនបាន​បញ្ឈប់​ពួកគេ​ពី​ការ​សម្លឹងមើល​គំរូ​រថយន្ត​ផ្សេង​នោះឡើយ​។ លើក​នេះ​ពួកគេ​បានចេញ​ម៉ូត Nissan Xmotion កៅអី​២​ជួរ យក​គំរូ​តាម​កូន​ឡាន​ក្មេង​លេង ហើយ​វា​នឹង​មក​ជំនួស​រថយន្ត Juke វ័យ​ចំណាស់​ក្នុងប្រទេស​ថៃ​ឆាប់ៗ​នេះ​។​

៥. រថយន្ត Honda Insight
​រថយន្ត​ហាយ​ប្រ៊ី​ដ Honda Insight បាន​ត្រឡប់​មកវិញហើយ បន្ទាប់ពី​បាត់ស្រមោល​អស់ ៤ ឆ្នាំ​។ វា​គ្រាន់តែ​ជា​រថយន្ត​គំរូ​នៅឡើយ​ទេ មុននឹង​ការលក់​នឹង​ចាប់ផ្តើម​នៅ​ចុង​ឆ្នាំនេះ​។ រថយន្ត Insight ជំនា​ន់ទី​៣​នេះ​គឺ​រចនា​ឡើង​ផ្អែកលើ​រថយន្ត Civic ប៉ុន្តែ​ត្រូវបាន​គេ​និយាយថា​នឹង​ប្រើ​ម៉ាស៊ីន​កូនកាត់​ចំនួន ២ របស់​រថយន្ត Accord Hybrid៕ ដោយ៖ កញ្ញាដាលីស