រថយន្ត​ពន្លះ​ជាមួយ​កង់​បី​ឥណ្ឌា​ក្រឡា​ប់រង របួសធ្ងន់​ស្រាល​២​នាក់​

394

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​រួម​ដំណើរ និង​បុរស​ម្នាក់ទៀត​ស្រវឹងស្រា បើករថយន្ត​មួយគ្រឿង​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង ត្រង់ចំណុច​ផ្លូវបែក​ជា​បួន​ក្រឡាប់​ផ្ងា​ជើង​ម្ខាង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​កង់​បី​រងរបួស​ធ្ងន់ ចំណែក​អ្នករួមដំណើរ​រងរបួស​ស្រាល​។ ចំណែក​រថយន្ត​បង្ក​បើក​រត់​មក​ឈប់​នៅមុខ​មន្ទីរពេទ្យ​ខេ​មា ម្ចាស់​រត់​ចូលទៅក្នុង​មន្ទីរពេទ្យ​បាត់ នៅសល់តែ​អ្នករួមដំណើរ​។ កាលពី​វេលា​ម៉ោង​១២​និង ១០​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ក្រោយ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​(​ចាស់​) តាម​បណ្តោយ​ផ្លូវ​៥២៨ កែង​និង​ផ្លូវ​២៨៧ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ និង​បុរស​ម្នាក់ទៀត បើករថយន្ត​មួយគ្រឿង​ម៉ាក​លេន​រ៉ូ​វើ​ល ពណ៌​កណ្តុ​ប្រ​ម៉េះ ពាក់​ស្លាក​លេខ ភ្នំពេញ 2D 5407 បើកបរ​ក្នុងស្ថានភាព​ស្រវឹង​តាម​បណ្តោយ​ផ្លូវ​៥២៨ ទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ផ្លូវបែក​ជា​បួន​ចំណុចកើតហេតុ​ខាងលើ បាន​ជ្រុល​ទៅបុក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1HE 8310 បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ និង​ភ្ញៀវ​ម្នាក់ទៀត តាម​បណ្តោយ​ផ្លូវ​២៨៧ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ចំពាក់​កណ្តាល​ម៉ូតូ​កង​បី​ពេញទំហឹង បណ្តាល​ក្រឡាប់​ផ្ងា​ជើង​ម្ខាង និង​បណ្តាល​ម្ចាស់​ម៉ូតូ​កង់​បី​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹង​យកទៅ​សង្គ្រោះ​ភ្លាមៗ​។ ចំណែក​អ្នករួមដំណើរ​រងរបួស​ស្រាល ត្រូវ​ទៅ​សង្គ្រោះ​ដោយ​ខ្លួនឯង​។ រីឯ​រថយន្ត​បង្ក​បាន​បើក​រត់​មក​ឈប់​នៅមុខ​មន្ទីរពេទ្យ​ខេ​មា នៅ​ចម្ងាយ​ពី​កន្លែងកើតហេតុ​ប្រមាណ​ជា​១០០​ម៉ែត្រ ម្ចាស់​រត់​ចូលទៅក្នុង​មន្ទីរពេទ្យ​បាត់ នៅតែ​អ្នករួមដំណើរ​។ ចំណែក​ម៉ូតូ​កង់​បី​ខូចខាត​ស្ទើរ​ទាំងស្រុង រីឯ​រថយន្ត​បង្ក​ខូចខាត​ផ្នែក​ខាងមុខ​ខាងឆ្វេង​យ៉ាងដំណំ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​យក​រថយន្ត​បង្ក និង​ម៉ូតូ​កង់​បី​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕ ល​